នាយឧត្តមសេនីយ៍ សៅ សុខា អះអាងថា ទីលានបាល់ទាត់មាន២២រាជធានី-ខេត្តរួចហើយ ក្នុងគោលដៅតម្រង់ទិស ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​អះអាង​ថា បច្ចុប្បន្ន​មាន​ទីលាន​បាល់ទាត់ចំនួន​២២​ហើយ ដែល​បាន​សាងសង់​រួច កំពុង​សាងសង់ និង​បាន​ចុះកិច្ចសន្យា ​ដើម្បី​សាងសង់​ ដែលស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​២៥​រាជធានី​-​ខេត្ត​ ដោយនៅខ្វះតែទីលាន៣ខេត្តទៀត ប៉ុណ្ណោះនឹងអាចឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍របស់​ខ្លួន ក្នុងគោលដៅតម្រង់ទិសឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្ដមប្រធានសហព័ន្ធបាល់ទាត់បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (CAMSOC) នៅដើមសប្តាហ៍​នេះ។ឯកឧត្តម សៅ សុខា ដែលជាអនុប្រធានទី១គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាសមាជិក CAMSOC ផងនោះបានមានប្រសាសន៍បន្ថែមទៀតថា ​ទីលាន​បាល់ទាត់​ក្រោម​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​បានកំណត់ទិសដៅ កសាងទីលានឱ្យ​​បាន គ្រប់២៥រាជធានី-ខេត្ត ដែលធ្វើនៅតាមសាលារៀននៃខេត្តនីមួយៗ ឯកឧត្ដមបានបន្ដថា ក្រោមការផ្តល់សិទ្ធិគ្រប់គ្រងថែរក្សាពីសាលារៀនទាំងនោះ ប៉ុន្តែកន្លងមកមានបញ្ហាហួសចិត្ត ដែលមន្ទីរអប់រំខេត្តដណ្តើមយកទៅគ្រប់គ្រង។ ឯកឧត្តមសង្កត់ធ្ងន់ថា ​គោលដៅ​ពិតប្រាកដ​មិនមែន​ប្រគល់​ឱ្យ​មន្ទីរ​គ្រប់គ្រងនោះទេ គឺសហព័ន្ធបាល់ទាត់ធ្វើទីលានទាំងនោះ​ប្រគល់​ឱ្យ​សាលា​ជា​អ្នកគ្រប់គ្រង ព្រោះ​គាត់​ជា​អ្នកមើល​ថែរក្សា​ផ្ទាល់​រាល់ថ្ងៃ​​។​
ឯកឧត្តមបញ្ជាក់ទៀតថា ​នៅសល់តែ​៣​ទីលាន​ទៀត​ទេ គឺ​គ្រប់​ទូទាំងប្រទេស​ ដែលការ​ខ្វះទីលានចំនួន៣នេះ គឺ​ដោយសារ​ខេត្ត​ទាំងនោះ​គ្មាន​ដី​ឱ្យដើម្បី​សាងសង់​ទីលាន​។ ជាមួយ​នឹងគម្រោង​អភិវឌ្ឍន៍​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​២៥​រាជធានី​-​ខេត្ត​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៩​នេះ ឯកឧត្តមរំពឹងទុកថា ក្រុមយុវជន​បាល់ទាត់​ជម្រើស ជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជាអាច​នឹង​លើក​ពាន​ប្រចាំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ក្រោយបញ្ចប់សន្និបាត កន្លងទៅនេះ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា​បានអះអាងថា ពានរង្វាន់បាល់ទាត់ស៊ីហ្គេម ឆ្នាំ២០២៣ នេះមិនទៅណាឆ្ងាយក្រៅពីកណ្តាប់​ដៃម្ចាស់ផ្ទះកម្ពុជានោះទេ។សូមរម្លឹកថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា កាលពីសប្តាហ៍មុន ដឹកនាំដោយឯកឧត្តម ថោង ខុន ប្រធាន NOCC សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជាត្រូវបានឯកភាព យកធ្វើជាសហព័ន្ធគំរូ សម្រាប់សហព័ន្ធកីឡាដទៃទៀត ដើម្បីឆ្ពោះទៅសម្រេចគោលដៅស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម សៅ សុខា បានប្ដេជ្ញាចិត្ត​ខ្ពស់ថាខិតខំប្រឹងស្របតាមបមហិច្ឆតាចង់បាន គឺការឈានឱ្យដល់វគ្គផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣៕

ដោយ ហេង ណាលីន