ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង សរសៃដែកប្រវែង១.០៩១ម៉ែត្រ នៅសង្កាត់កំពង់កណ្តាល ក្រុងកំពត

AKP កំពត ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ ទទឹង ១១.២ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅ ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក ក្រុមប្រឹក្សា អភិបាលរងខេត្ត​ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ ក្នុងក្រុងកំពត សិស្ស​ និសិ្សត សរុបប្រមាណ ៧០០នាក់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកការដ្ឋាន សាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្តដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លង មកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណភាពក្នុងក្រុងយើងផងដែរ។ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះ សមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការរួបរួម សាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការ សាងសង់ត្រូវ ធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់ យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

យោងតាមរបាយការណ៍របស់លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យ ដឹងថា ផ្លូវលេខ៧៣៥ ដែលកំពុងរងការខូចខាតទាំងស្រុង​ តម្រូវឱ្យមានការសាងសង់ និងស្តារឡើងវិញនេះ គឺត្រូវចំណាយថវិកាអស់ច្រើនណាស់ ដូច្នេះការសាងសង់ត្រូវអនុវត្តន៍ តាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវដោយសាងសង់ជាបេតុងអាមេ មានប្រវែង ១.០៩១ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលប្រើប្រាស់ថវិកា របស់រដ្ឋបាល ខេត្តកំពត៕

ដោយ ប្រាក់ លាង