រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ក្នុងការចាត់វិធាន ការចាប់បណ្តេញ​ជនបរទេសខុសច្បាប់ចេញពីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទ​បញ្ជា​យ៉ាងតឹងរ៉ឹងបំផុតឱ្យស្នងការនគរបាលរាជធានី ខេត្តទូទាំងប្រទេស អនុវត្តន៍វិធានការ ផ្លូវ ច្បាប់ចាប់បញ្ជូន និងបណ្តេញចេញជនបរទេសខុសច្បាប់ដែលមកធ្វើការ ឬស្នាក់នៅកម្ពុជា ចៀសវាងកុំឱ្យរឿងដដែលនេះកើតឡើងសារជាថ្មីម្តងទៀត។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ​ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួល​ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ កាល​ពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ជនបរទេសដែលចូលទឹកដីកម្ពុជាដោយខុស ច្បាប់​នៅតាមច្រកព្រំដែននោះ គឺត្រូវធ្វើការចាប់បញ្ជូន និងបណ្តេញចេញពីកម្ពុជា ដែលបញ្ហា នេះ គឺជាគោលការណ៍ជាលក្ខណៈអន្តរជាតិតែម្តង។ សម្តេចក្រឡាហោម ក៏បានធ្វើការ​ណែនាំ ឱ្យស្នងការនគរបាល រួមជាមួយនិងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្ត ទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ដែលមាន លិខិតស្នាមត្រឹមត្រូវនៅកម្ពុជាផងដែរ។ សម្តេចក្រឡាហោមបានលើកឡើងថា បញ្ហាអន្តោ ប្រវេសន៍នេះ គឺមិនមែនតែកើតឡើងនៅកម្ពុជាប៉ុណ្ណោះទេ បញ្ហានេះបានកើតឡើងនៅ​លើ​ពិភព​លោកស្ទើរគ្រប់ប្រទេស ហើយបញ្ហានេះទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត សេដ្ឋកិច្ច នយោ បាយ និងសន្តិសុខសុវត្ថិភាពដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ សាធារណជនជាតិ និងអន្តរជាតិ។

សូមជម្រាបថា ដំណើរការដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ដែលជន​បរទេស​កំពុងកាន់កាប់ និងការអនុញ្ញាតឱ្យដាក់ពាក្យសុំប្រកាស ទទួលស្គាល់ជាជនបរទេស​អន្តោប្រវេសន្ត និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ ៦ខែ របស់អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍ក្រសួងមហាផ្ទៃ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លង​ទៅនេះ។ លទ្ធផលនៃការអនុវត្តន៍ការងាររយៈពេល២ឆ្នាំ៦ខែនេះ សមត្ថកិច្ចបានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន១១សញ្ជាតិ ដែលមានជាង៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៨ម៉ឺននាក់ នារីជាង៨ម៉ឺននាក់។ ក្នុងនោះអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន ជាង១២ម៉ឺននាក់ នារីជាង៥ម៉ឺននាក់៕

ដោយ ចាន់ សុធីវង្ស