មន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញនៅផ្សារអង្គតាសោម និងចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារដល់សិស្សានុសិស្សសាលារៀនឯកជន

AKP តាកែវ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃអង្គារ​ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក​ ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានចុះត្រូតពិនិត្យ និងធ្វើតេស្តបឋមទៅលើបន្លែ ផ្លែឈើ ចំណីអាហារមួយចំនួនដែលបានដាក់លក់នៅផ្សារអង្គតាសោម ដែលស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់​ខេត្តតាកែវ។

លោក ប៉ោ លាងគង់ មានប្រសាសន៍ឱ្យដឹងថា ដើម្បីចូលរួមធានាឱ្យបានចំពោះសុវត្ថិភាពចំណីអាហារ ក៏ដូចជា ការពង្រឹងនូវសុខុមាលភាពសាធារណៈផងដែរនោះ មន្ត្រីជំនាញកាំកុងត្រួលតែងតែចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ ជាប្រចាំដូចភ្លៀងរលឹម។ ការចុះត្រួតពិនិត្យទំនិញជាម្ហូបអាហារនោះដែរ ដោយផ្តោតជាសំខាន់លើអនាម័យ​ មិនមានសារធាតុគីមីលើចំណីអាហារ ឬខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។

លោក ប៉ោ លាងគង់ មានប្រសាសន៍បន្តថា ក្នុងការចុះត្រួតពិនិត្យទំនិញថ្ងៃនេះដែរ គឺ មន្ត្រីជំនាញកាំកុងត្រួលយើងបានធ្វើតេស្តបឋមទៅលើចំណីអាហារ និងបន្លែផ្លែឈើជាច្រើន  មុខ។ ប៉ុន្តែជាលទ្ធផលគឺរកពុំឃើញមានសារធាតុគីមីនៅលើចំណីអាហារបន្លែ ផ្លែឈើនោះទេ។ ព្រោះបងប្អូនអាជីវករ មានការយល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារនេះ។ ក្នុងនោះដែរទំនិញជាគ្រឿងកំប៉ុងក៏រកពុំឃើញមានទំនិញណាដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ដែរ។ លោក មានប្រសាសន៍បន្ថែមថា ការចុះត្រួតពិនិត្យ​ទំនិញនៅតាមទីផ្សារកន្លងមកនៅក្នុងខេត្តតាកែវ ក៏ដូចជាពេលនេះ គឺមន្ត្រីជំនាញរបស់យើងរកឃើញភាគតិចបំផុតចំពោះទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ និងចំណីអាហារមានដាក់សារធាតុគីមីហាមឃាត់។ នេះដោយសារតែមានការចូលរួមសហការយ៉ាងល្អពីអាជីវកររួមផ្សំនឹងសកម្ម ភាពចុះត្រួតពិនិត្យទំនិញ ក៏ដូចជាការអប់រំ ណែនាំអាជីវក ពីមន្ត្រីជំនាញកាំកុងត្រួល ឱ្យពួកគាត់បានយល់ដឹងកាន់តែទូលំទូលាយពីសុវត្ថិភាពចំណីអាហារនេះ។

ក្នុងថ្ងៃដដែលលោកប្រធានសាខាកាំកុងត្រួលខេត្តតាកែវ​ និងមន្ត្រីជំនាញកាំកុងត្រួលក៏បានចុះអប់រំផ្សាព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ ដល់សិស្សានុសិស្សសាលារៀនឯកជនចំនួនពីរ ក្នុងក្រុងដូនកែវខេត្តតាកែវ គឺសាលាចំណេះទូទៅអន្តរជាតិទេពកោសល្យ និងសាលារៀនសុវណ្ណភូមិ។ មន្ត្រីជំនាញកាំកុងត្រូលក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារដល់សិស្សានុសិស្ស ប្រជាពលរដ្ឋដែលប្រកប អាជីវកម្ម លក់ដូរ ក្នុងសាលារៀន ឬជិតសាលារៀនឱ្យបានយល់ដឹង ​និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

ដោយ អ៊ុច សៀង