រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនលិខិតសរសើរដល់មន្រ្ដីជាន់ខ្ពស់កម្ពុជាពីររូប ដែលរួម​ចំណែក​ជំរុញចំណងមិត្ដភាព និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តី ការបរទេសជប៉ុនសម្រាប់ឆ្នាំ២០១៩នេះ ជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើម លើ​វិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជំរុញ​ចំណង​មិត្តភាពរវាង​ប្រទេសជប៉ុន និងបណ្តាប្រទេសនានា ក្នុងនោះ ក៏មានមន្រ្ដីជាន់ខ្ពស់​កម្ពុជាចំនួន ពីររូបផងដែរក្នុងការទទួលបានលិខិតសរសើរនេះ។ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់ស្ថាន​ទូតជប៉ុន​ប្រចាំ​នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរ សម្រាប់សកម្មភាពនានារបស់ខ្លួនក្នុងការរួមចំណែកទៅកាន់ប្រទេសកម្ពុជា រួមមាន៖ បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបណ្ឌិត អ៊ុំ រ៉ាវី បានចូល រួមចំណែកជំរុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការផ្លាស់ប្តូរ ទំនាក់ទំនង រវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរជប៉ុន និងកម្ពុជា។ ទន្ទឹមនេះ បុគ្គលឆ្នើមទី២ គឺលោក ឯក ប៊ុនថា អគ្គនាយករង​ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោក ឯក ប៊ុនថា បាន​ចូល​រួមចំណែកជំរុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការ ផ្លាស់ប្តូរទំនាក់​ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ ចំណែកបុគ្គលឆ្នើមម្នាក់ទៀតគឺជាជនជាតិជប៉ុន លោក តាកាកាហ្សឹ យ៉ាម៉ាដា សាស្រ្តាចារ្យពិគ្រោះយោបល់នៃមហាវិទ្យាល័យសិល្បៈ នៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជានាយកនៃសាលាវិចិត្រសិល្បៈ   យ៉ាម៉ាដា ព្រមទាំងជា សមាជិកនៃវិទ្យាស្ថានសិល្បៈជប៉ុន (នីហុន ប៊ីជ្សិត្សឹអ៊ិន)។ លោក តាកាកាហ្សឹ យ៉ាម៉ាដា បាន ចូលរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌តាមរយៈសិល្បៈ រវាងជប៉ុន និងកម្ពុជា ជាពិសេស លើកទឹកចិត្តវិចិត្រករកម្ពុជា តាមរយៈការអប់រំវិចិត្រសិល្បៈ។

សូមបញ្ជាក់ថា សម្រាប់ពិធីប្រគល់លិខិតសរសើរជូនដល់បុគ្គលឆ្នើមទាំងបីរូបនេះ នឹង​ត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ អ៊ុន រិទ្ធី