បញ្ញវន្តសង្ឃខ្មែរនិមន្តទៅជួយបង្ហាត់បង្រៀនរបៀបធ្វើវិបស្សនាកម្មដ្ឋាន និងសមាធិដល់ពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — ព្រះភិក្ខុ ជីវសុទ្ធោ ហៀង ពេក ជាបញ្ញវន្តសង្ឃខែ្មរដែលបានបញ្ចប់ការសិក្សាភាសាបាលីថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិតអក្សរសាស្ត្រខ្មែរបានចេញទៅគង់ចាំព្រះវស្សានៅសហរដ្ឋអាមេរិក ដើម្បីជួយបង្ហាត់បង្រៀនរបៀបធ្វើវិបស្សនាកម្មដ្ឋាន និងសមាធិដល់ពុទ្ធបរិស័ទនៅទីនោះ។

មុននឹងចេញដំណើរទៅសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅថ្ងៃ​ទី១៦ខែកក្កដាឆ្នាំ២០១៩នេះ ព្រះភិក្ខុ ជីវសុទ្ធោ ហៀង ពេក បានមានសង្ឃដីកាថា ការដែល​ព្រះអង្គនិមន្តទៅចាំព្រះវស្សានៅក្រៅប្រទេសនេះដោយសារមានការនិមន្តពីព្រះសង្ឃខ្មែរ និង ពុទ្ធបរិស័ទនៅរដ្ឋកាលីហ្វ័រញ៉ា ឱ្យទៅជួយបង្រៀន របៀបប្រតិបត្តិព្រះធម៌ វិន័យ បង្រៀន ភាសាបាលី និងការអប់រំផ្លូវចិត្តឱ្យបានផូរផង់តាមគន្លងព្រះពុទ្ធសាសនា។ ព្រះអង្គបញ្ជាក់ថា “នៅប្រទេសរីកចម្រើនប្រជាពលរដ្ឋមានការងារមមាញឹកច្រើន និងមានភាពតានតឹង​ផ្លូវចិត្ត​ក៏ច្រើនដែរ អញ្ចឹងហើយទើបគេចង់រកវិធីបំបាត់ភាពតានតឹងតាមរយៈការអប់រំចិត្ត ហើយនៅ​ពេលដែលនិមន្តទៅសហរដ្ឋនេះនឹងជួយបង្ហាត់បង្រៀន ព្រះសង្ឃ និងពុទ្ធបរិស័ទនៅរដ្ឋ​កាលីហ្វ័រ​​ញ៉ា នៅឡុងប៊ិច ដែលចូលចិត្តធ្វើសមាធិ និងចង់យល់ដឹងពីព្រះធម៌របស់ព្រះពុទ្ធ ឱ្យ​បានសមតាមសមត្ថភាពដែលព្រះអង្គអាចធ្វើបាន”។ ព្រះអង្គបានបន្ដថា ក្រៅពីជួយអប់រំផ្លូវ​ចិត្ត ព្រះអង្គមានភារកិច្ចមួយទៀត គឺបង្រៀនពុទ្ធបរិស័ទឱ្យចេះអានបាលីធម៌ឱ្យត្រឹមត្រូវ​តាម​ក្បួនខ្នាតផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ព្រះភិក្ខុ ជីវសុទ្ធោ ហៀង ពេក បាននិមន្ត​ទៅ​សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលលើកដំបូងនិមន្តទៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ។ សម្រាប់ការគង់នៅក្នុងប្រទេសកម្ពុជា ព្រះភិក្ខុ ជីវសុទ្ធោ ហៀង ពេក មានក្របខ័ណ្ឌជា​គ្រូ​ភាសា​បាលីនៅក្នុងក្រសួងធម្មការនិងសាសនា ព្រះអង្គបានបង្រៀនភាសាបាលីក្នុងវត្តអារាម​នានា​នៅជាយរាជធានីភ្នំពេញនិងបានដឹកនាំការកសាងសាលាពុទ្ធិកបឋមសិក្សា នៅវត្តគិរី     បព៌តបាត់គង ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រាប់ទុកឱ្យព្រះសង្ឃ និង​សិស្សានុសិស្សសិក្សា រៀនសូត្រ បាលី ធម៌ វិន័យ និងលេខនព្វន្តផ្សេងៗ៕

ដោយ គង់ សិរីរ័ត្ន