ឯកឧត្ដម គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការត្រៀមបង្ការ  និងសង្គ្រោះគ្រោះមហន្ដរាយនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ –ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួត ពិនិត្យការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយវិធានការត្រៀម បង្ការ និងសង្គ្រោះគ្រោះមហន្តរាយនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ឯកឧត្ដម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរអភិវឌ្ឍន៍ និងអាជ្ញាធរក្រុង ស្រុកឃុំសង្កាត់ទូទាំង ខេត្តប្រមាណ ៣៤០នាក់។

នាឱកាសនោះឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបាន ធ្វើរបាយ ការណ៍ដោយបញ្ជាក់ថា ក្រៅពីគ្រោះមហន្តរាយនៃទឹកជំនន់ខេត្តក្រចេះតែងតែរងនូវមុខ សញ្ញាគ្រោះអាសន្នមួយចំនួនទៀតដូចជា គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះ និងអគ្គិភ័យជាដើម ដែលបានឆក់យកជីវិតមនុស្ស សត្វ ខូចខាតទ្រព្យសម្បិត្ត និងធ្វើឱ្យ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ ឯកឧត្ដមអភិ បាលខេត្ត បញ្ជាក់ថា ទន្ទឹមនឹងបញ្ហាដែលតែងតែកើតមានឡើងនោះ ខេត្តក៏បានធ្វើការ ផ្សព្វផ្សាយតាម គ្រប់រូបភាព និងបានត្រៀមបង្ការរួចរាល់ពីគ្រប់មធ្យោបាយចម្រុះកម្លាំងចម្រុះ ដើម្បីចុះអន្តរាគមជួយសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម  បានធ្វើការកោតសរសើរដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានរួមសហការគ្នាក្នុងការត្រៀមបង្ការ និងវិធានការឆ្លើយតប គ្រោះមហន្ត រាយ និងថែរក្សាការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនបានល្អ និងទាន់ពេលវេលា ដើម្បីបញ្ចៀសឱ្យផុតពីគ្រោះមហន្តរាយ។

ឯកឧត្ដមបញ្ជាក់ថា កម្លាំងដែលត្រូវត្រៀមជួយសង្គ្រោះនៃគ្រោះមហន្តរាយ សំខាន់បំផុតគឺជាកម្លាំងស្នូល ពិសេសកម្លាំងសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ ប្រជាការពារ និងកម្លាំងសហភាពសហព័ន្ធយុវជន ហើយត្រូវមានការបែងចែកជាក្រុមដើម្បីងាយគ្រប់គ្រង និងជួយសង្គ្រោះ ជៀសវាងភាពរញ៉ែរញ៉ូវដែលអាចបង្កគ្រោះថ្នាក់បន្ថែមទៀត៕

ដោយ ជួន សុជាតិ