សហភាពអឺរ៉ុប បង្ហាញជំហរបន្តគាំទ្រ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​ — ឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបាន ពិភាក្សាអំពីការអនុវត្តកម្មវិធី សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបង្ហាញជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជា​មួយរាជរដ្ឋាភិបាល។ ការលើកឡើងនេះ ធ្វើឡើង កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា តាមការ កំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងតាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហ​ប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ ២០១៨ មានជាលទ្ធ​ផល ទី១. កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ត្រូវបើកផ្តល់ ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៤,៣ លានអឺរ៉ូ។ ទី២. ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ១៧.៥ លានអឺរ៉ូ និង៣. កម្មវិធី​ជំរុញ​កំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់​ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន ៥.០ លានអឺរ៉ូ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលបន្ថែម ទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំ​សម្រេចបាន។ ចំពោះកម្មវិធីទាំង៣ខាងលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋ​មន្រ្តី នឹងជំរុញ សម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគាំទ្រ​សម្រាប់ការ បន្តបើកផ្តល់ថវិកាឆ្នាំ ២០១៩ ក្នុងខែ សីហា ឆ្នាំ ២០១៩នេះ។ ឯកឧត្តមអគ្គ​បណ្ឌិត​សភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ច្សច អេដហ្គា និងសហការី និង វាយ តម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក រវាង សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន