អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យមើលដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង

AKP ពោធិ៍សាត់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — អភិបាលខេត្តពោធិ៍សាត់បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យតំបន់ការពារធនធាន ធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រ ឃុំអូរសោម ស្រុកវាលវែង កាលពី១៥ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈប្រតិភូ អមដំណើរបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានផ្តាំផ្ញើឱ្យប្រជាពល រដ្ឋជួយថែរក្សាដែន ជម្រកសត្វព្រៃឱ្យបានគង់វង្យល្អសម្រាប់ជាតំបន់ទេសចរណ៍ និងសម្រាប់ កូនចៅយើងជំនន់ក្រោយបានឃើញសម្បត្តិធម្មជាតិដ៏ស្រស់បំព្រងនេះ។ បន្ទាប់មក ឯកឧត្តមក៏បានជួបសំណះសំណាលជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅតាមតំបន់គោលដៅនីមួយៗ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងការការពារធនធានធម្មជាតិ នៅតំបន់ការពាររបស់ខ្លួន សម្រាប់បុព្វហេតុបរិស្ថាន។ ឯកឧត្តមបានបន្តថា វិសាលភាពនៃទំហំកិច្ចការងាររបស់មន្ត្រីឧទ្យានុរក្សរបស់យើង ពិតជា ធំធេងណាស់ ដូច្នេះត្រូវមានកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់ភាគីពាក់ព័ន្ធ និងចូលរួមអនុវត្តន៍ ច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិវឌ្ឍជីវៈចម្រុះ សំដៅការរស់នៅដោយចីរភាព។

ដោយមើលឃើញពីការលំបាក និងតម្រូវការជាក់ស្តែង លើជីវភាពរស់នៅប្រចាំថ្ងៃ របស់មន្ត្រីឧទ្យានុរក្សទាំង៦៩នាក់ ដែលឈរជើងនៅទិសដៅទាំង២១កន្លែងនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ជូនសម្ភារបន្ថែមពីលើរបបប្រចាំខែដែលមានស្រាប់។ ដោយម្នាក់ៗ ទទួលបាន អង្ករ២០គីឡូក្រាម និងប្រហុក៣គីឡូក្រាម ព្រមទាំងឧបត្ថម្ភដ្រូន (Drone) ចំនួន៥គ្រឿង ដើម្បីជួយសម្រួលដល់លក្ខណៈបច្ចេកទេសក្នុងកិច្ចគាំពារធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានបន្តដំណើរចុះពិនិត្យ ទឹកធ្លាក់ធម្មជាតិអូររកា ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីអនុស្ថានីយវារីអគ្គិសនីអាតៃ ស្ថិតក្នុងភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

ដោយ ណៅ ធឿន