រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បង្ហាញថា នៅទូទាំងប្រទេសកម្ពុជាមាន​អ្នកកើតជំងឺគ្រុនឈាមប្រមាណជិត២ម៉ឺននាក់ និងមាន​អ្នកស្លាប់ចំនួន២៥នាក់

AKP សៀមរាប ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — នៅ​ក្នុង​ឱកាសចុះ​ត្រួតពិនិត្យមើលស្ថាន​ភាព​អ្នកជំងឺ នៅក្នុង​មន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប​ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្កដា ​ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍ថា នៅ​ក្នុងឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម​បាន​រាតត្បាតខ្លាំង ហើយបើគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ​មានប្រជាពលរដ្ឋប្រមាណ ជិត២ម៉ឺននាក់បានកើតជំងឺគ្រុនឈាម និងបណ្តាលឱ្យស្លាប់ចំនួន២៥នាក់នៅទូទាំង ប្រទេសកម្ពុជា។ អ្នកកើតជំងឺគ្រុនឈាមឆ្នាំនេះភាគច្រើនជាមនុស្សវ័យជំទង់ដែលមាន​អាយុពី១០ ទៅ១៥ឆ្នាំ ខុសពីបណ្តាឆ្នាំមុនៗដែលភាគច្រើនជាកុមារតូចៗ។

ឯកឧត្តមរដ្ឋមន្រ្តីបាន​អះអាងថា នៅប្រមាណជា២សប្តាហ៍ទៀតស្ថាន​ភាព​ជំងឺគ្រុន ឈាមនៅ​កម្ពុជាអាចនឹងមាន​ការថយចុះវិញ​។ ទោះបីជាយើង​រំពឹង​ថា នៅ​២សប្តាហ៍ទៀត ស្ថានភាព​ជំងឺគ្រុនឈាម និងមាន​ការថយចុះ ប៉ុន្តែគ្រូពេទ្យទាំង​អស់​នៅ​តែខិតខំប្រឹងប្រែង ក្នុងការព្យាបាល និងតាមដានស្ថានភាពជំងឺ។ ឯកឧត្តមក៏បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋរួមជា មួយអាជ្ញាធរមូលដ្ឋាន រួមគ្នាកម្ចាត់ជម្រកមូសខ្លា ក្នុងគោលដៅរួមគ្នាប្រឆាំងជំងឺគ្រុនឈាម ឱ្យកាន់តែមាន​ប្រសិទ្ធភាព។

លោកវេជ្ជៈបណ្ឌិត យ៉ៃ ចន្ទនា ប្រធាប​មន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប​ បាន​ឱ្យ​ដឹងថា នៅថ្ងៃទី១៦ ខែកក្កដានេះ នៅ​ក្នុង​មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប​មាន​កុមារ​កំពុងសម្រាកព្យាបាល​ជំងឺចំនួន១៦៦៩នាក់ ក្នុង​នោះមាន​អ្នកកើតជំងឺគ្រុនឈាមចំនួន ៣៦៩នាក់ ស្មើ២០ភាគរយនៃអ្នកជំងឺទូទៅ។ លោកបាន​បញ្ជាក់ថា ក្រៅពីជំងឺគ្រុន ឈាម នៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផានេះ ក៏មាន​កុមារមានជំងឺជាច្រើនប្រភេទផ្សេងទៀត បានមក ទទួលសេវាពិនិត្យ និងសម្រាកព្យាបាលផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ចាប់ពីដើមខែមករា ដល់ដើមខែកក្កដាឆ្នាំ២០១៩នេះ មានអ្នកកើតជំងឺគ្រុន ឈាមទាំងកុមារ និងមនុស្សចាស់ មកពីតាមបណ្ដាខេត្ដភាគខាងជើងបឹងទន្លេសាប ទៅព្យាបាលនៅ តាមមន្ទីរពេទ្យនានាក្នុងខេត្ដសៀមរាបមានចំនួនប្រមាណជាង៩០០០នាក់ ក្នុងនោះមានកុមារនិងមនុស្សចាស់ចំនួន១១នាក់បានស្លាប់ ដោយសារមកទទួលសេវា ព្យាបាលមានការយឺតយ៉ាវ។ មន្ទីរពេទ្យដែលបានព្យាបាលអ្នកជំងឺទាំងនោះ មានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មន្ទីរពេទ្យកុមារគន្ធបុប្ផាឬជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យនៅតាមស្រុកផងដែរ៕

ដោយ ឃុត សៅ