ឯកឧត្តម គោ ស៊ុំសារឿត ដឹកនាំក្រុមការងារយកទៀនព្រះវស្សា​​ និងទេយ្យទានប្រគេន​ព្រះសង្ឃ៥៨វត្ត ក្នុងស្រុកមង្គលបូរី

AKP បន្ទាយមាន​ជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម គោ ស៊ុំសារឿត តំណាងរាស្ត្រ ជាអនុប្រធានក្រុមការងារចុះជួយខេត្ត បន្ទាយមាន​ជ័យ បានដឹកនាំក្រុមការងារគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិសទ័គ្រប់ទីកន្លែងបាននាំ​យក​ទៀនព្រះវស្សា ​ និងទេយ្យទានទៅប្រគេនព្រះសង្ឃគ្រប់វត្តចំនួន៥៨វត្ត ក្នុងស្រុកមង្គលបូរី ដែលពិធីនេះបានធ្វើឡើងនៅក្នុងវត្តវេឡុវនារាមហៅវត្តឫស្សីក្រោក​​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបូរី​ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃ​អង្គារ ១៥កើត​ ខែអាសាឍ​ ឆ្នាំ​កុរ​ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី១៦ ខែកក្កដា​ គ.ស២០១៩​ នេះ។

ឯកឧត្ដម គោស៊ុំ សារឿត បានបញ្ជាក់ទៀត​​ថា បុណ្យចូលព្រះវស្សា គឺជាព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំ ព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ មានរយៈកាលបីខែចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។

តំណាងរាស្ត្រខេត្តបន្ទាយមានជ័យឯកឧត្តម គោ ស៊ុំសារឿត បានមានប្រសាសន៍ថា ការដែលយើងបានជួបជុំគ្នាប្រារព្ធធ្វើបុណ្យទាននេះឡើងប្រកបដោយក្តីសប្បាយរីករាយនេះក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខសាន្តជីវភាពក៏មានការរីកចម្រើនជាលំដាប់។

ជាមួយនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំថែរក្សាសុខសន្តិភាពនេះឱ្យបាននៅគង់វង្យ ដើម្បីជំរុញការអភិវឌ្ឍ​ប្រទេសជាតិឱ្យកាន់តែរីក​ចម្រើន​ថែមទៀត។

ក្នុងឱកាស​នោះ ​ឯកឧត្តម គោ ស៊ុំសារឿត បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃដល់វត្តទាំង​៥៨វត្តដោយក្នុង១វត្តៗទទួលបាន​ទៀនវស្សា១គូ, សាដក១ ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យូរ, មី២កេស, អង្ករ២៥គីឡូក្រាម, ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ២កេស និងថវិកា​២០ម៉ីនរៀល។ ក្នុងនោះក៏បានប្រគេនបច្ច័យព្រះសង្ឃ ក្នុងមួយអង្គៗ៥ម៉ឺនរៀល និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួម១០០នាក់ ក្នុង១ម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀលផងដែរ៕

ដោយ ឈុន សារ៉ាត