គណៈកម្មការទី៤នៃរដ្ឋសភាជំរុញឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត

AKP មណ្ឌលគិរី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — គណៈកម្មការទី៤រដ្ឋសភា បានជំរុញឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីផ្តល់សេវាសាធារណៈជូនប្រជា​ ពលរដ្ឋឱ្យ​កាន់តែមានភាពល្អប្រសើរថែមទៀត។ ការជំរុញនេះ បានធ្វើឡើង ក្នុងឱកាសដែល​ ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកានៃគណៈកម្មការទី៤ អញ្ចើញចុះជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្ត កាល​ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្ដម ហ៊ុន ណេង បានលើកឡើងថា គណៈកម្មការទី៤នៃរដ្ឋសភា ចុះមក​នាពេល​នេះ គឺក្នុងគោលបំណងសិក្សាឈ្វេងយល់ពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់​ប្រជា​ពល​រដ្ឋ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាព ការងារវិមជ្ឈការ វិសហមជ្ឈការ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារ អន្តោប្រវេសន៍ ការងារទំនាក់ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រង ពន្ធនាគារនិងដំណើរការវាយតម្លៃលើទណ្ឌិតក្នុងការបន្ធូរបន្ថយទោសនិងលើកលែងទោស។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរាយការណ៍ ជូនគណៈកម្មការទី៤រដ្ឋសភា អំពីសភាព​ការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំង​លទ្ធ​ផល​ការងារសំខាន់ៗ ដែលរដ្ឋបាល​ខេត្តមណ្ឌលគិរីសម្រេចបានកន្លងមក និងកម្មវិធី​នយោ​បាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហា ប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តមណ្ឌលគិរីបានជួបប្រទះកន្លងមក និង កំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំផងដែរ។ ឯកឧត្ដមអភិបាលខេត្ត និងថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍លម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធ​វិស័យទទួលបន្ទុករបស់គណៈកម្មការទី៤នៃរដ្ឋសភាផងដែរ។ឯកឧត្ដម ហ៊ុន ណេង ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់​ចំពោះខេត្ត​មណ្ឌល​គិរី ដែលបានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជា​ការផ្តល់សេវាសាធារណៈជូនប្រជា​ពលរដ្ឋ​បានយ៉ាងល្អ ដោយអនុវត្តន៍តាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់​រាជរដ្ឋាភិ​បាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្ដមបានបន្ដថា ប្រមុខ​រាជរដ្ឋាភិបាលបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋ​ទ្វេដង ដើម្បីឱ្យស័ក្តិសមនូវអ្វីដែលបងប្អូនប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តតាមរយៈការ​បោះឆ្នោត​នាពេលកន្លងមក។ ឯកឧត្ដមក៏បានជំរុញឱ្យអាជ្ញាធរខេត្ត បន្តការយកចិត្តទុកដាក់ផ្តល់សេវា​សាធារណៈជូន​ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត ព្រមទាំងពង្រឹងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានបញ្ចប់ការងារនៅខេត្តមណ្ឌលគិរី គណៈកម្មការទី៤​នៃរដ្ឋសភា នឹងត្រូវបន្តដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀត​ណាម បន្តទៀត រួមមានដូចជា ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងខេត្ដត្បួងឃ្មុំ។

សូមជម្រាបថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម នាពេលនេះ គឺមិនមែនត្រឹមតែជាការចុះសិក្សាឈ្វេងយល់ពីវិស័យការងារទទួល​បន្ទុករបស់​គណៈ​កម្មការតែប៉ុណ្ណោះទេ គឺគណៈកម្មការចុះប្រមូលព័ត៌មានពីស្ថានភាពរស់នៅ និងកិច្ច ការការពារព្រំដែនរបស់កងកម្លាំងវរការពារព្រំដែននៃកងកម្លាំងនគរបាលជាតិ និងកងយោធ ពលខេមរភូមិន្ទ រួមទាំងកិច្ចសហការជាមួយកងកម្លាំងសមត្ថកិច្ច នៃប្រទេសជិតខាង។ តាម​រយៈការផ្ដល់សញ្ញាជាមុនទាន់ពេលវេលា និងប្រព័ន្ធចែករំលែកព័ត៌មាន ស្ដីពីការផ្ទុះរាតត្បាត នៃជំងឺឆ្លង ការបំពុលបរិស្ថានឆ្លងកាត់ព្រំដែន និងការជួញដូរគ្រឿងញៀន និងបញ្ហាប្រឈម ជាដើម។ ទន្ទឹមនេះ គណៈកម្មកាទី៤នៃរដ្ឋសភា ត្រូវធ្វើបទបង្ហាញជូនដល់គណៈកម្មការពារ​ជាតិ និងសន្តិសុខនៃ​រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាមផងដែរ។ គណៈកម្មការទី៤​នៃ​រដ្ឋសភា ក៏នឹងត្រូវទទួលធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ គណៈកម្មការការពារជាតិ និង​សន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជ​ធានីភ្នំពេញ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុង​ការពិនិត្យតាមដាន​របស់គណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុង​ការកសាង​សហប្រតិ​បត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព”៕

ដោយ ប៊ុនរិទ្ធ