រទេះគោជាយានដឹកជញ្ជូនដ៏ចំបងកាលពីអតីត តែបច្ចុប្បន្នក្លាយជាគ្រឿងសម្រាប់លម្អ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ –រទេះគោ ធ្លាប់ជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈកាលពីអតីតកាល ប៉ុន្តែសម័យបច្ចុប្បន្ននេះ វាស្ថិតនៅតែក្នុងការចងចាំតាមរយៈការប្រែក្លាយ ជាគ្រឿងសម្រាប់លម្អគេហដ្ឋាន ភោជនីយដ្ឋាន និងទីកន្លែងនានា ។

តាំងពីបុរាណកាលមក រហូតដល់សម័យកាលកន្លងទៅថ្មីៗនៅពេលដែលប្រទេសមិនទាន់មានការអភិវឌ្ឍ រទេះគោ គឺជាយានដ៏ចំបងសម្រាប់បំពេញតម្រូវការនៃការប្រើប្រាស់ក្នុងសង្គម និងការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសគឺនៅតាមទីជនបទ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារកម្ពុជាមានប្រព័ន្ធដឹកជញ្ជូនទំនើបៗ ហើយជីវភាពប្រជាជនមានការរីកចម្រើន រទេះគោដែលជាកេរ្តិ៍ដំណែលពីដូនតា ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងពីការប្រើប្រាស់សម្រាប់ដឹកជញ្ជូន ប៉ុន្តែវាបានក្លាយជាគ្រឿងលម្អ សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលស្រលាញ់ និង ចង់រក្សាប្រព័ន្ធដឹកជញ្ជូនសម័យបុរាណមួយនេះ ។

ស្ថិតនៅទីធ្លាខាងមុខផ្ទះ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រទេះគោមួយគ្រឿង ដែលយើងស្គាល់យ៉ាងច្បាស់ថាជារទេះសាឡី ដែលមានរាងតូចច្រឡឹង បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហារ នៅមុខគេហដ្ឋានរបស់ស្រ្តីវ័យកណ្តាលម្នាក់ ឈ្មោះ ឈឹម សុភា ។

ចំពោះរទេះគោសាឡីនេះ អ្នកស្រី ឈឹម សុភា បានទិញវាពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក្នុងតម្លៃប្រហាក់ប្រហែលនឹង ២០០ដុល្លារអាមេរិក សម្រាប់ដាក់តាំងក្នុងបរិវេណគេហដ្ឋានរបស់អ្នកស្រី និងដើម្បីចង់រក្សានូវរូបរាងនៃរទេះគោនេះកុំឱ្យមានការបាត់បង់ផង។

អ្នកស្រី ឈឹម សុភា បាននិយាយថា « តាមពិតទៅក្នុងផ្ទះរបស់ខ្ញុំ ពីមុនធ្លាប់មានរទេះគោមួយដែរ សម្រាប់ដឹកជញ្ជូនសម្ភារផ្សេងៗ ។ វាគឺជាកេរ្តិ៍ បន្សល់ទុកតាំងពីជំនាន់ជីតារបស់ខ្ញុំ តែដោយសារតែវា (រទេះគោ) ចាស់ទ្រុឌទ្រោម និងគ្មានការចាំបាច់សម្រាប់ដឹកជញ្ជូនអ្វីទៀតនោះទើបបានជាខ្ញុំរុះរើវាបោះចោល តែឥឡូវក៏មានគំនិតស្រលាញ់វា ហើយក៏ទិញវាមកទុកតាំង ។ »

អ្នកស្រី ឈឹម សុភា បន្តថា កាលពីមុនគេហដ្ឋានរបស់លោកស្រី ដែលមានទីតាំងនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះ គឺដូចជានៅជនបទដែរ ហើយតាមអ្វីដែលលោកស្រីចាំគឺថា ផ្ទះណាក៏មានរទេះដែរ ដើម្បីងាយស្រួលធ្វើស្រែ និងចម្ការ ទើបស្ទើរតែគ្រប់ផ្ទះនៅភូមិនេះ ចិញ្ចឹមគោ និងមានរទេះគោ សម្រាប់ដឹកជញ្ជូនស្រូវ ជី និងសម្ភារផ្សេងៗ តែឥឡូវនេះ សង្កាត់វាលស្បូវ ស្ថិតនៅក្នុងទីប្រជុំជន រាជធានីភ្នំពេញហើយ និងម្យ៉ាងទៀត សម្ភារសព្វថ្ងៃក៏សម្បូរហើយ ទើបបានជាអ្នកភូមិមិនប្រើរទេះគោទៀត ។ អ្នកស្រី បន្ថែមថា រទះគោសព្វថ្ងៃគឺភាគច្រើនគេប្រើសម្រាប់តាំងលម្អក្នុងទីធ្លាផ្ទះ គេមិនប្រើវា សម្រាប់ដឹកជញ្ជូនរបស់របរផ្សេងៗទៀតឡើយ។

ដូចគ្នានេះដែរ ភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា បឹងរំចង់ ដែលជារមណីយដ្ឋានបែបកែច្នៃមួយនៅជាប់នឹងដងផ្លូវជាតិលេខ២ ស្ថិតនៅចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីទីក្រុងតាខ្មៅ នាភូមិសាស្រ្តទឹកដីខេត្តកណ្តាល ក៏មានកង់រទេះគោជាច្រើន ដែលត្រូវបានលាបថ្នាំចម្រុះពណ៌ ដាក់ជារបង និងជាប់នឹងខ្ទមលំហែកាយតូចធំជាច្រើន ។

ខ្ទមលំហែកាយជាង៣០ ត្រូវបានលម្អទៅដោយកង់រទេះគោ តូច និងធំ អាស្រ័យទៅនឹងទំហំនៃខ្ទម ជាទីទាក់ទាញភ្នែកទេសចរ ដែលមកសម្រាកកម្សាន្ត និងទទួលទានអាហារនៅទីនោះ ។

លោក ផ្លុង រដ្ឋា ជាម្ចាស់ទីតាំងខាងលើ បានរៀបរាប់ថា ដោយសារតែផ្នត់គំនិតនៃគ្រួសារចង់រក្សានូវអ្វីជារបស់ខ្មែរ ទើបធ្វើឱ្យលោក និងភរិយា ទិញកង់រទេះគោជាច្រើនពីខេត្តកំពង់ធំ សម្រាប់ដាក់តាំងលម្អ និងលើកសោភ័ណភាពទីកន្លែងផង។

លោក ផ្លុង រដ្ឋា បានបញ្ជាក់ ៖ « ខ្ញុំក៏ទិញកង់រទេះ មកលម្អហាង ទី១សម្រាប់ទាក់ទាញភ្នែក ទី២ ចង់រក្សានូវអ្វីដែលជារបស់ខ្មែរ និងចង់ឱ្យភ្ញៀវៗបានស្គាល់រទេះគោនេះ ។ »

សព្វថ្ងៃនេះ កន្លែងលក់រទេះចាស់ៗសម្រាប់តាំងលម្អមានច្រើនកន្លែង ហើយកន្លែងមួយដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីស្ទឹងព្រែកប្រោះ ជាង១៥គីឡូម៉ែត្រ ក្នុងខេត្តកំពង់ធំ យើងឃើញមានរទេះគោ កង់រទេះគោជាច្រើន តម្រៀបគ្នានៅសងខាងផ្លូវជាប់នឹងវាលស្រែពង្រោះ ពណ៌បៃតងខ្ចី សម្រាប់ដាក់តាំងលក់ជូនយកទៅតាំងលម្អ។

អ្នកស្រី អឿន ជាអ្នកលក់រទេះគោ និងកង់រទេះគោ បានឱ្យដឹងថា ប្រសិនបើអតិថិជនត្រូវការជារទេះនោះ គឺគាត់នឹងផ្គុំឱ្យ តែបើត្រូវការតែកង់រទេះក៏បានដែរ សម្រាប់តម្លៃគឺអាស្រ័យទៅលើទំហំរទេះទាំងនោះ។

អ្នកស្រី អឿន បានបន្តថា « រទេះគោមួយតម្លៃ១៨០ដុល្លារអាមេរិក ចំណែករទេះគោទាំងនោះជារទេះគោដែលសល់ពីសម័យមុន ដែលខ្ញុំទិញមកទុកលក់បន្ត។ រទេះគោទាំងនោះត្រូវបានជួសជុល និងលាបថ្នាំរួចមុននឹងដឹកជញ្ជូនទៅកាន់អ្នកបញ្ជាទិញ។ »

អ្នកស្រី អឿន បានបន្តថា ភាគច្រើនអ្នកដែលមកទិញរទេះគោទាំងនោះ គឺយកទៅដាក់តាំងលម្អក្នុងផ្ទះវីឡា ឬក៏ភោជនីយដ្ឋាន សណ្ឋាគារជាដើម តែបើយកទៅប្រើប្រាស់សម្រាប់ដឹកជញ្ជូនគឺគ្មាននោះទេ ។

បច្ចុប្បន្ននេះ រទេះគោត្រូវបានគេឈប់ប្រើប្រាស់ដូចសម័យមុនទៀតហើយ ដោយជំនួសមកវិញនូវរបស់ទំនើបផ្សេងៗ មានដូចជាម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនស្ទូងស្រូវ បោកស្រូវ និងត្រាក់ទ័រ ឬ គោយន្តដឹកស្រូវ ឱ្យសមស្របតាមសម័យកាល។តាមឯកសារប្រវត្តិសាស្រ្ត រទេះគោ បានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ មិនគ្រាន់តែផ្នែកសង្គមកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។ រទេះគោ ជាយានដែលអូសទាញដោយកម្លាំងសត្វពាហនៈ គឺគោ ឬ ក្របី ។

ដោយ ផល សុផានិត