ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ពន្លឿនបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៧០៥

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពន្លឿន ក្រុមហ៊ុន០២ ក្នុងការជួសជុលកំណាត់ផ្លូវលេខ ៧០៥ ឡើងវិញ ចាប់ពីខាងមុខព្រះរាជដំណាក់ រហូតដល់សណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។

ដោយសារតែកន្លងមកក្រុមហ៊ុនចំនួនពីរ បានដឹកដីចេញពីការដ្ឋានសំណង់ និងដឹក   សម្ភារ បង្កឱ្យខូចផ្លូវនេះ ហើយក្រុមហ៊ុនទាំងពីរ ក៏បានសន្យាធ្វើការជួសជុលផ្លូវនេះឡើងវិញ បន្ទាប់ពីបញ្ចប់ការដ្ឋានរបស់ខ្លួន ។ តាមការបង្ហាញរបស់ក្រុមហ៊ុន ផ្លូវនេះជួសជុលចាក់បេតុងកម្រាស់ ០.៣០ម៉ែត្រ មានគ្រឹះថ្ម  និងដាក់លូកាត់ទទឹងផ្លូវចំនួន ៣កន្លែងផងដែរ ។

ក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អិនជានារីង ទទួលបានសិទ្ធិកាយដីចេញពីការដ្ឋានសំណង់ នៅមុខសាលាខេត្តព្រះសីហនុ និងក្រុមហ៊ុន ព្រីនស៍ ធានស៊ីវ៉ាន ឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើម បើកការដ្ឋានជួសជុលកំណាត់ផ្លូវប្រវែង ១.០០០ម៉ែត្រ នេះឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ២០១៩ខាងមុខនេះ ដោយប្រើរយៈពេល២ខែ និងសន្យាបន្តថែទាំរយៈពេល ៥ឆ្នាំ ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនទាំងពីរដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកែលម្អសោភណភាពកំណាត់ផ្លូវលេខ៧០៥ ខាងមុខសាលាខេត្តព្រះសីហនុឡើងវិញ និងគ្រោងបើកការដ្ឋានជួសជុលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះជាដំណឹងល្អមួយទៀត ដើម្បីជួយសម្រួលចរាចរណ៍ សោភណភាព និងបរិស្ថានខេត្តព្រះសីហនុ បម្រើឱ្យវិស័យទេសចរណ៍ និងប្រជាពលរដ្ឋធ្វើដំណើរកាន់តែមានភាពងាយស្រួល ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ជាមន្ទីរជំនាញ ត្រូវសហការត្រួតពិនិត្យលក្ខណៈបច្ចេកទេស គុណភាពផ្លូវនេះឱ្យបានហ្មត់ចត់ ក្នុងការធានាគុណភាព សុវត្ថិភាពក្នុងការប្រើប្រាស់បានយូរ ដើម្បីជាសម្បត្តិសាធារណៈ របស់យើងទាំងអស់គ្នា ៕

ដោយ ងូ សុមុនី