កម្មសិក្សាការីកូរ៉េចុះមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងសាធារណការ និងដឹកជញ្ជូន

AKP ភ្នំពេញ ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ឹម សូរិយ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទទួលស្វាគមន៍កម្មសិក្សាការីកូរ៉េចុះមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ CHUNHO YEOM ប្រធានគណៈប្រតិភូ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ SEOUL។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមអគ្គនាយកបានជម្រាបគណៈប្រតិភូពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ​ ឯកឧត្ដមបានបង្ហាញគណៈប្រតិភូពីតួនាទីរបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន ក្នុងការចូលរួមអនុវត្តន៍ឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀង។

ទន្ទឹមនឹងនេះ​ ឯកឧត្តមបានសម្ដែងការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានសម្រេចជ្រើសរើសយកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើកម្មសិក្សាលើប្រធានបទជាក់លាក់របស់ខ្លួន និងបានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធចូលរួមសួរដេញដោល ចែករំលែក និងក្រេបយកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃទាំងនេះទុកជាឈ្នាន់ក្នុងការអភិវឌ្ឍខ្លួន និងប្រទេសជាតិមាតុភូមិរបស់យើង។

សូមបញ្ជាក់ថា គណៈប្រតិភូកម្មសិក្សាការីកូរ៉េចុះមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងសាធារណការ និងដឹកជញ្ជូននាពេលនេះ មានចំនួន១១រូប ដោយបំពេញទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៥ ទី១៦ និងទី១៩ ខែកក្កដា ឆ្នាំ២០១៩។ កម្មសិក្សានេះផ្ដោតជាសំខាន់លើការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា ក៏ដូចជាការចែករំលែកបទពិសោធន៍ ល្អៗលើវិស័យនេះ ពីសំណាក់គណៈប្រតិភូផងដែរ៕

ដោយ ទេស ច័ន្ទសុធារី

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន​