រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្ដីពីការលុបបំបាត់គ្រឿងញៀន

AKP កំពង់ឆ្នាំង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ១៤កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែ    កក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការ លុបបំបាត់គ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនជាច្រើននាក់ទៀត ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានអានរបាយការណ៍ស្ដីពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តន៍តាមផែនការ និងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ  និងអរគុណដល់គ្រប់អង្គភាពជា​សមាជិក​នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង ដៃគូអង្គការមិនមែនរដ្ឋាភិ បាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន និង សប្បុរសជននានាដែលបានចូលរួម និងគាំទ្រ យ៉ាងសកម្មដល់ការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធរៀងៗ ខ្លួន ប្រកបដោយសម្បជញ្ញៈ និង​ស្មារតី​ទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា  គោលបំណងរបស់យើងគឺឆ្លុះបញ្ចាំងឱ្យឃើញ ពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយ បញ្ហាស្មុគស្មាញ ។ ការប្រារព្ធទិវាជាតិរបស់យើងផ្សាភ្ជាប់ជាមួយនឹងពាក្យស្លោក ” ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង ” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពលខាងមុខ ។

ឯកឧត្តមបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ អប់រំផ្សព្វផ្សាយផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានកូនចៅសេពគ្រឿងញៀន ឱ្យយកកូនចៅទៅព្យាបាល ស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិត រហូតពួកគេទទួលបានមកវិញនូវសម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

ឯកឧត្តមបានបន្ថែមទៀតថា គោលជំហរ និងឆន្ទៈរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងប្ដូរ ផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ឱ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានាបន្តយកចិត្ត ទុកដាក់បន្ថែមទៀត ដើម្បីបន្តថែរក្សា ការពារ និងពូនជ្រុំជីវភាពដ៏សុខសាន្តរបស់ប្រជាពល រដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តាមបទពិសោធន៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធផលល្អប្រសើរ គឺទាមទារនូវ ការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូល  ដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ សំដៅជំរុញការអនុវត្តឱ្យដំណើរការព្រមគ្នាក្លាយជា ” ជីវភាព នៃប្រព័ន្ធតួអង្គ តែមួយ ” ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់ តម្រូវការ និងការទប់ស្កាត់ការ ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន និងទទួលបានមកវិញនូវជីវភាពធូរធារជូនប្រជាពល រដ្ឋ៕

ដោយ បៃ ស៊ីថុន