គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩​ — គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) បានបើក កិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីព្រឹកថ្ងៃ​ចន្ទ ទី១៥ ខែកក្កដា នៅវិមានមិត្តភាព ទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ CAMSOC បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា នេះ គឺជាកិច្ចប្រជុំរៀងរាល់៣ខែម្តង ដើម្បីពន្លឿនកិច្ចការនានារបស់ខ្លួន។

ឯកឧត្ដមបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់ អនុសាសន៍ជាច្រើន និងតម្រង់ទិសឱ្យលេខាធិការដ្ឋានបើកដំណើរការចាប់ពីពេលនេះតទៅ ដែលការិយាល័យលេខាធិការដ្ឋាន CAMSOC ស្ថិតនៅអគារគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ដែលបម្រើដល់កិច្ចការរដ្ឋបាល ច្រកចេញ-ចូលតែមួយ។ សម្តេចពិជ័យសេនា​ប្រធាន CAMSOC បានឱ្យដំណើរការផែនការអភិវឌ្ឍន៍កីឡា ជំនាញនានាឱ្យបានលឿនចាប់​ពីពេល​នេះតទៅ ដើម្បីបង្ហាញនូវយន្តការដំណើរការ ប្រសិទ្ធភាពការងាររបស់ គណៈកម្មាធិការជាតិ រៀប​ចំស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការអះអាងទៀតថា ក្រៅពីនេះ សម្តេច​ពិជ័យសេនាបានសង្កត់ធ្ងន់លើការងារអភិវឌ្ឍន៍កីឡាជំនាញជាមួយសហព័ន្ធកីឡាជាតិនានា និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការបញ្ជូនកីឡាករ កីឡា ការិនីជម្រើសជាតិទៅហ្វឹក​ហាត់​កម្រិតខ្ពស់រយៈពេលវែង នៅក្រៅប្រទេសជាមួយនឹងការយកចិត្តទុកដាក់ រួមគ្នាពិនិត្យ​មើល​អំពីឆន្ទៈពិតប្រាកដរបស់អត្តពលិក ដែលជាគោលដៅគឺប្រទេសចិន កូរ៉េ ជប៉ុន និងនៅ​ប្រទេស នៅតំបន់អឺរ៉ុប ឬបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។

ជាមួយគ្នានេះដែរ បន្ទាប់ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ធនធានទាំងអស់​របស់ CAMSOC នឹងត្រូវបន្តយកទៅបម្រើដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានោះដែរ ដែលតាមធម្មតា អាស៊ានប៉ារ៉ាហ្គេម តែងតែប្រារព្ធធ្វើក្រោយស៊ីហ្គេម ចន្លោះ​ពី២សប្តាហ៍ ទៅ១ខែ។

សូមបញ្ជាក់ថា អង្គប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើផ្នែកហិរញវត្ថុ ដោយធ្វើ​យ៉ាង​ណា​ឱ្យមានតម្លាភាព គណនេយ្យភាព និងសុច្ចរិតភាពបំផុត ក្នុងការប្រើប្រាស់កញ្ចប់​ថវិកា​របស់​ជាតិ ដើម្បីជំរុញដល់ការរៀបចំ ការអភិវឌ្ឍកីឡាឱ្យមានប្រសិទ្ធភា​ពឈានទៅទទួល​បានជោគ​ជ័យ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា