រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី ខេត្តទូទាំងប្រទេស ពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសំណង់ក្នុងមូលដ្ឋានរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ​អភិបាលរាជធានី ខេត្តនៅទូទាំងប្រទេសត្រូវជំរុញ និងពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និង ត្រួតពិនិត្យសំណង់នៅតាមមូលដ្ឋានរៀងៗខ្លួន ខណៈដែលមានសំណង់មួយចំនួនបាន និង កំពុងសាងសង់ ឬជួសជុលដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

ក្នុងលិខិតផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្តទូទាំងប្រទេស ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យអភិបាលរាជធានី ខេត្ដ ទាំងអស់ត្រូវណែនាំដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យទទួលខុសត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ព្រមទាំងធានា​ថាមិន​មានការសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាតក្នុងដែនសមត្ថ​កិច្ចរបស់ខ្លួន។ ការចេញលិខិតណែនាំរបស់សម្តេចក្រឡាហោមនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួង​បានពិនិត្យឃើញថា មានសំណង់មួយចំនួនបានដំណើរការសាងសង់ ជួសជុល និងកែប្រែ​ទ្រង់ទ្រាយសំណង់ដោយគ្មានលិខិតអនុញ្ញាត ដែលខុសពីលិខិតអនុញ្ញាត និងពុំមានការ​ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសសំណង់ឱ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឱ្យប៉ះ ពាល់​ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រហូតដល់បង្កឱ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមក៏បានជំរុញឱ្យពន្លឿននីតិវិធីក្នុងការផ្តល់លិខិត អនុញ្ញាតសាងសង់ជូនដល់ម្ចាស់សំណង់ឱ្យបានឆាប់ស្របតាមគោលការណ៍ បែបបទ និង នីតិវិធីកំណត់ជាធរមាន និងត្រូវបន្តលើកកម្ពស់ការផ្តល់សេវាលើសំណង់នៅតាមរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានយន្តការច្រកចេញ-ចូលតែមួយ។ ក្នុងលិខិតដដែល សម្តេចក្រឡាហោមក៏បានណែនាំឱ្យអភិបាលរាជធានី ខេត្តទូទាំងប្រទេស ត្រូវអប់រំ ផ្សព្វ ផ្សាយដល់ម្ចាស់សំណង់ឱ្យយល់ដឹង និងគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​នឹងវិស័យសំណង់ សុវត្ថិភាពក្នុងការសាងសង់សំណង់ និងផលវិបាកនៃការសាងសង់ដែល​មិនគោរពតាមច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ផងដែរ៕

ដោយ ចាន់ សុធីវង្ស