សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកកម្ពស់បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩​​ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់រាជ រដ្ឋាភិ បាល​ឱ្យបន្តកិច្ចខិតខំពន្លឿនការអនុវត្តកម្មវិធី និងអាទិភាពគោលនយោបាយសំខាន់ៗ ដូចជាបន្ត​អភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម ការងារវិមជ្ឈការ និងវិសហ​មជ្ឈការ ដើម្បីឱ្យកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយកាន់តែស្អាតស្អំ ឆ្លាតវៃ និងមាន​សមត្ថភាពអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការ លើកឡើងរបស់សម្តេចប្រធានរដ្ឋសភានេះ ក្នុងពិធីបើកសិក្ខាសាលាឈ្វេងយល់ពីការ​កសាង​ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារ​ណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ កាលពីព្រឹកថ្ងៃ ទី​១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើររាជរដ្ឋាភិបាល ដែលបាន​ដាក់​ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងសមស្រប ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋ​កិច្ច និងកំណើន ប្រកបដោយចីរភាព និង  បរិយាប័ន្ន និងបានជំរុញដល់ការវិនិយោគទាំងក្នុងស្រុក និងវិនិយោគ ផ្ទាល់ពីបរទេស ហើយបានធ្វើឱ្យកំណើនសេដ្ឋកិច្ចសម្រេចបានលើសពីការ រំពឹង​ទុករហូតដល់៧.៥ភាគរយ។ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចប្រធានរដ្ឋសភាបានលើកទឹក​ ចិត្តដល់រាជរដ្ឋាភិបាលក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សា និងធានានូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងមាននិរន្តរភាព និងអាចដោះស្រាយបញ្ហា ប្រឈមនានា។ សម្តេចពញាចក្រីក៏បានជំរុញដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ និងការគ្រប់​គ្រង​ធនធាន​មនុស្ស ក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍​​នៃចរន្តវិវត្តន៍សេដ្ឋកិច្ចតំបន់ និងសកលលោក។ ទន្ទឹមនេះ បន្តអភិវឌ្ឍន៍វិស័យកសិកម្ម ដោយ​ផ្តោតលើកាតបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជរូបនីយកម្ម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តរាជរដ្ឋាភិបាលឱ្យ​បន្តអនុវត្តន៍​គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅ​បង្កើនសង្វាក់ ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់​ក្នុងនោះការបន្តរៀបចំផែនការមេ​ក្នុង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ និងត្រៀមចំពោះហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ។ សម្ដេចក៏បានគាំទ្រ ដល់ការធ្វើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរ សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ​នៅគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះទៀត ដើម្បីរួមចំណែក និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុង​ដំណើរការកសាង និងអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ​ហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ បន្តលើកកម្ពស់តួនាទី និងភារកិច្ចរបស់ខ្លួន ផងដែរ។

សម្តេចប្រធានរដ្ឋសភាបានជំរុញដល់ រដ្ឋសភានិងព្រឹទ្ធសភា ត្រូវបន្តការសិក្សា ស្រាវ​ជ្រាវ និងផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលមានភាពខ្វះចន្លោះ ឬមិន ទាន់​ស្របទៅនឹងសភាពការណ៍ សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ជាពិសេសច្បាប់ នានា​ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃរដ្ឋសភា បានលើកឡើងថា ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោ​បាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ​គ្រប់​គ្រងឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើងដោយផ្អែកលើលទ្ធផល សម្រេច បានក្នុងការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងលទ្ធផលនៃការ​អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក៏ដូចជាការវិភាគយ៉ាងល្អិតល្អន់ ស៊ីជម្រៅទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលអាចមានផលប៉ះពាល់ មកលើសេដ្ឋកិច្ច​កម្ពុជា ដើម្បីដាក់ចេញនូវវិធានការដោះស្រាយ និងការធ្វើអន្តរាគមន៍ ក្នុងគោលបំណងបន្ត​ធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចីរភាពកំណើន និងពង្រឹង ភាពធន់ និងមានភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច។ ឯកឧត្ដមបន្តថា យោងតាមរបាយការណ៍របស់    ធនាគារពិភពលោក ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនទាបក្នុងរង្វង់៣.៦ភាគរយ ដោយសារភាពមិន ច្បាស់លាស់ នៃគោលនយោបាយពាណិជ្ជកម្មជាសកល និងការបន្តភាពតានតឹងនៃសង្រ្គាម​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កជាហានិភ័យកាន់តែខ្ពស់ជាងមុនមក​លើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងសកលលោក។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ កម្ពុជាបន្តរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ​និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំ ដែលទំាងអស់នេះ គឺជាមូលដ្ឋានមិនអាចខ្វះ​បាន​សម្រាប់ការអភិវឌ្ឍប្រទេស។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានបន្ដថា នៅក្នុងឆ្នាំ២០១៨ កន្លង​មក អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបាន៧.៥ភាគរយ ដែលជាកំណើន​មួយ​ខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ទន្ទឹមនេះ អត្រាអតិផរណាមធ្យមប្រចំាឆ្នាំ ត្រូវបានគ្រប់គ្រង ឱ្យស្ថិតនៅក្នុងកម្រិតទាបប្រមាណ២.៥ភាគរយ។ ក្នុងឆ្នាំ២០១៨កន្លងទៅ ចំណូលចរន្តថវិកាជាតិ មានការកើនឡើងល្អប្រសើរ ក្នុងអត្រាប្រមាណ២០.៤ភាគរយ ដែល​ធ្វើឱ្យចំណូលចរន្តនៃថវិកាជាតិ មានទំហំស្មើនឹងប្រមាណ២១.៩៦ភាគរយនៃផលិតផល ក្នុង​ស្រុកសរុប(ផសស)។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានលើកឡើងថា សម្រាប់ឆ្នាំ២០១៩​នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថា នឹងមានក្នុងរង្វង់៧.១ភាគរយ ហើយរាជរដ្ឋាភិ​បាល បានដាក់ចេញ និងជំរុញអនុវត្តន៍នូវវិធានការមុតស្រួចជាកញ្ចប់សំដៅពន្លឿនការកែទម្រង់ជា​ច្រើន ដូចជាការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយ​ចំណាយក្រៅផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់​បរិយាកាស​អំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគគិន ទំាងក្នុង​​និងក្រៅប្រទេស ដើម្បីឱ្យកម្ពុជា សម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិត ខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា សិក្ខាសាលាឈ្វេងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានវាគ្មិនជំនាញ បានមកធ្វើបទបង្ហាញពី សក្តានុពលសេដ្ឋកិច្ចកម្ពុជា ពិសេសប្រភពទុនកម្ពុជានៅក្នុងឆ្នាំ២០២០ ដែលនឹងតាក់តែង​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឱ្យបានតាមការកំណត់ របស់ច្បាប់៕

ដោយ ប៊ុនរិទ្ធ