ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុណប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យដែលបានរួមគ្នាថែរក្សាសុខសន្តិភាព​ជាមួយរាជរដ្ឋាភិបាល

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានថ្លែងអំណរ គុណ​ដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យដែលបានបន្តរួមសាមគ្គីគ្នា ថែរក្សា​សុខសន្តិភាពជាមួយរាជរដ្ឋា​ភិបាល ដែលដឹកនាំ​ដោយសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន ​សែន។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានដឹកនាំក្រុមការងារ គ្រប់ជាន់ថ្នាក់បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន២១ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំ​​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់)។​

​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ បានរីកចម្រើនលើគ្រប់វិស័យ នាំមកនូវក្តីសុខសាន្ត ជូនប្រជាពលរដ្ឋ មានជីវភាពធូរធារជាក់ស្តែងដូចថ្ងៃនេះយើងមានឱកាសមកអង្គុយជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការបារម្ភភ័យខ្លាចទាំងបញ្ហាជីវភាព និងសន្តិសុខនោះឡើយ។

​ ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ទៀត​​ថា បុណ្យចូលព្រះវស្សា គឺជាព្រះវិន័យដែល ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើងដើម្បីឱ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ មានរយៈកាលបីខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។

ក្នុងឱកាស​នោះ ​ឯកឧត្តម កែ គឹមយ៉ាន បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃដល់វត្តទាំង២១វត្តដោយ ក្នុង១វត្តៗទទួលបាន​ទៀនវស្សា១គូ  សាដក់១ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យូរ មី៥កេស អង្ករ៥០គីឡូក្រាម ទឹកផ្លែឈើ២កេស ទឹកសុទ្ធ៥កេស និងថវិកា១លានរៀល។ ក្នុងនោះ ក៏បានប្រគេនបច្ច័យព្រះសង្ឃ ក្នុងមួយអង្គៗ៥ម៉ឺនរៀល និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ក្នុង១ម្នាក់ៗ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕

ដោយ ឈុន សារ៉ាត