កម្ពុជានឹងបញ្ជូន៥ប្រភេទកីឡា សម្រាប់ចូលរួមប្រជែងមេដាយព្រឹត្តិការណ៍កីឡាសិស្ស អាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ — កម្ពុជានឹងបញ្ជូន៥ប្រភេទកីឡាទៅចូលរួមការប្រកួត កីឡាសិស្សអាស៊ាន លើកទី១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី១៧ ដល់ទី២៥ ខែកក្កដា ខាងមុខឆាប់ៗនេះ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលលើកទឹកចិត្ត កាលពីចុងសប្តាហ៍នេះ នៅមជ្ឈ​មណ្ឌល​ជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា​បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជាទាំង៥ប្រភេទកីឡាឱ្យខិតខំអស់​ពីសមត្ថភាព ដើម្បីដណ្តើបាននូវកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបន្ថែមថា ការប្រកួតកីឡាសិស្សអាស៊ានលើកនេះ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់អត្តពលិកទាំងអស់ ដកស្រង់បទពិសោធន៍បច្ចេកទេស និងបង្កើនសមត្ថភាពឱ្យបានល្អ ដើម្បីត្រៀមការប្រកួត​នានា ជាបន្តទៀត ពីព្រោះថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចគោលដៅឆ្ពោះទៅទទួល បាន​ជោគជ័យ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើឱ្យកីឡាករ-កីឡាការិនីទំាងអស់ ថែ​រក្សា​សុខភាព អនាម័យ ជាពិសេសការម្ហូបអាហារ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យប៉ះ​ពាល់ដល់ការហ្វឹកហាត់បង្កើនសមត្ថភាព។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ស សុខា បានឧបត្ថម្ភដល់ប្រតិភូទាំង៥៦នាក់ ក្នុងម្នាក់ៗ ១០០ដុល្លារអាម៉េរិក។សូមបញ្ជាក់ថា កម្ពុជានឹងបញ្ជូនប្រតិភូសរុប៥៦នាក់លើ៥ប្រភេទកីឡា រួមមាន៖ កីឡា ហែលទឹក អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងកីឡាវាយកូនបាល់ទៅចូលរួមការប្រកួត កីឡាសិស្សអាស៊ាន លើកទី ១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី៕

ដោយ ហេង ណាលីន