សម្ដេចចៅហ្វាវាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនជនរងគ្រោះដោយសារអគ្គិភ័យ

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ​ខែ  កក្កដា ឆ្នាំ២០១៩ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកំពង់ត្រឡាច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយមកចែកជូនជនរងគ្រោះដោយសារអគ្គិភ័យកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ៣គ្រួសារ នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ ពីព្រះរាជ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យយកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។

សម្ដេចចៅហ្វាវាំងក៏បានពាំនាំផងដែរ នូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។

សម្ដេចចៅហ្វាវាំង បានលើកឡើងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះកាកបាទក្រហមកម្ពុជាដែលមាន       សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ឡើយ។

អំណោយដែលចែកជូនជនរងគ្រោះដោយសារអគ្គិភ័យទាំង៣គ្រួសារនៅពេលនេះ រួមមានអង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ ០១យួរ តង់០១ ឃីត០១ និងថវិកា ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារៗ។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចក៏បានជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋដែលមកចូលរួមប្រមាណជាង ១០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ០១ និងថវិកា ១ម៉ឺនរៀល។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានចាត់តាំង ឯកឧត្តម កឹម សៀ ជាតំណាងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចចៅហ្វាវាំង មកជូនជនរងគ្រោះរួមមានអង្ករ ៥០គីឡូក្រាម និងថវិកា ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារៗផងដែរ៕

ដោយ សោម ឫទ្ធី