អនុប្រធានទី១ រដ្ឋសភា៖ តួនាទីរបស់សភាសំខាន់ណាស់ក្នុងការរួម​ចំណែកកំណត់ជោគ​វាសនានៃកា​រអ​នុ​​វ​​​​​ត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា

AKPភ្នំពេញថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩– ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បាន​លើក​ឡើងថា នោះតួនាទីរបស់សភា ក្នុងមុខងារ នីតិកម្ម មុខងារត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង​មុខ​ងារតំណាង រួមទាំងសមត្ថកិច្ចអនុម័តថវិកាជាតិ ពិតជាមានសារៈសំខាន់ណាស់ ក្នុង​ការរួម​ចំណែក​កំណ​ត់​ជោគវាសនានៃការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា (CSDGs) ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយ បរិយាប័ន្ន។

នៅក្នុងឱកាសបិទសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦​-២០៣០​» កាលពីរសៀលថ្ងៃទី១២ ខែកក្កដា នៅវិមានព្រឹទ្ធ សភា ឯកឧត្តមបណ្ឌិត​អនុប្រធានទី១​រដ្ឋ​សភា បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដែលបានដំណើរការអស់រយៈពេលមួយថ្ងៃទទួលបាននូវ លទ្ធផលផ្លែផ្កាជាវិជ្ជមាន។

សិក្ខាសាលាថ្ងៃនេះ ពិតជាឱកាសដ៏ពិសេសសម្រាប់យើងទាំងអស់គ្នា ដើម្បីកសាងសមត្ថភាព ស្វែងយល់ ចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយចំណេះដឹងឱ្យដល់ថា្នក់មូលដ្ឋាន (ក្រុមប្រឹក្សាឃុំ/សង្កាត់) និង​ប្រ​ជា​​ពលរដ្ឋទាំងមូល សំដៅគាំទ្រ និងជំរុញ ការអនុវត្ត ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ​គោល​ដៅ​អ​ភិ​វឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) (២០១៦-២០៣០) ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ធានាបានប្រសិទ្ធភាព និងគុណភាពពិតប្រាកដ។ ដូច្នេះអង្គការនីតិប្បញ្ញត្តិកម្ពុជា តាម​រយៈ​​មុខងារស្នូលទាំងបីរបស់ខ្លួន ត្រូវយកចិត្តទុកដាក់គាំទ្រ ពិនិត្យ ពិចារណា តាមដាន វាយតម្លៃ និង​ត​ម្រ​ង់ ទិសការអនុវត្តឱ្យបានកាន់តែល្អប្រពៃ ជាគុណប្រយោជន៍ដល់ជាតិ និងប្រជា ជន។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) មានគោលបំណង លើកកម្ពស់​ជីវភាព​រស់​នៅប្រ​កប​ដោ​យ សុខុមាលភាពសម្រាប់ប្រជាជនទូទៅ ដោយកំណត់យកការប្តេជ្ញាចិត្តយ៉ាងសំខាន់គឺ «មិនត្រូវទុក​នរ​ណាម្នាក់ ចោលឡើយ (Leave No One Behind)»។ ក្នុងន័យនេះ មនុស្សដែលងា​យ​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ និង ការរើសអើង គឺជាគោលដៅអាទិភាព ដែលត្រូវយកចិត្តទុកដាក់។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នេះមាន ១៧គោលដៅ និង ១៦៩ ចំណុចដៅ ដែល​នឹង​ត្រូវសម្រេចឱ្យបាន នៅត្រឹមឆ្នាំ២០៣០។ បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើមូល​ដ្ឋាននី​យក​​ម្មគោលដៅសកលទាំងនេះ ឱ្យស្របទៅនឹងបរិការណ៍ និងអាទិភាពជាក់ ស្តែងរបស់កម្ពុជា តាម​រយៈការកសាង «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ (CSDGs)​» សម្រាប់ធ្វើសមាហរណកម្មទៅក្នុងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ ២០១៩-២០​២៣ ដែលត្រូវបានដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភា អនុម័តជាស្ថាពរ។

ក្នុងនោះកម្ពុជាបានទទួលយកគោល ដៅសកលទាំង ១៧ និងបានបន្ថែមគោលដៅ មួយទៀត ស្តីពីបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លុះបញ្ចាំងពីការយក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការបោស សម្អាតគ្រាប់មីននៅក្នុងប្រទេស និងផ្តល់ការស្តារនីតិស​ម្បទាដ​ល់ជនរង​គ្រោះ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) មានគោលដៅចំនួន ១៨ និងចំណុចដៅចំនួន ៨៨។ ម្យ៉ាងទៀត ដើម្បីជួយ សម្រួលដល់ដំណើរការរៀប​ចំក្របខ័ណ្ឌគោ​លដៅអ​ភិវឌ្ឍ​ន៍ប្រកប ដោយចីរភាពកម្ពុជា (CSDGs) រាជរដ្ឋាភិបាលកម្ពុជា បានសហការជិតស្និទ្ធជាមួ​យស្ថាប័នរបស់អង្គការ សហប្រជាជាតិ ពោលគឺ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដោយផ្តល់ជាការ វាយតម្លៃរួមឆាប់រហ័ស ដែលធ្វើឡើងក្នុងឆ្នាំ២០១៦ លើគោលនយោបាយ និង យុទ្ធសាស្រ្ត នានារ​បស់កម្ពុជាដែល មានស្រាប់ ជាពិសេសផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) និង យុទ្ធសាស្ត្រ តាមវិស័យ និងអន្តរវិស័យ។

ការវាយតម្លៃនេះ ផ្តល់ជាការវិភាគលើការបន្ស៊ីក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សកល និងផ្តល់ជាមូលដ្ឋានសម្រាប់ ការកំណត់អាទិភាពនៅពេលអនាគត។ ទោះជា យ៉ាងនេះក្តី កម្ពុជាកំពុងជួបប្រទះបញ្ហាប្រ​ឈមពាក់ព័ន្ធ​នឹង​កង្វះខាតធនធាន ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ក៏ដូចជាចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីសម្រេច គោលដៅនេះ គឺទាមទារ​ឱ្យមានកិច្ចខិតខំវិនិយោគបន្តទៀត និងការពង្រីកបន្ថែមនូវប្រភពចំណូល ឬលំហូរធនធាន។ ក្នុងនោះតួនាទីរបស់សភាក្នុងមុខងារ នីតិកម្ម មុខងារត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងមុខងារ​តំណាង​ រួមទាំងសមត្ថកិច្ចអនុម័តថវិកាជាតិផងដែរនោះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការរួ​មចំណែក​កំណត់ជោគវាសនានៃការអនុវត្តក្របខ័ណ្ឌគោលដៅអភិ វឌ្ឍន៍ ប្រកបដោ​យចី​រភាព​កម្ពុជា (CSDGs) ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយ បរិយាប័ន្ន។ មួយវិញទៀត សភានឹងពិចារណា​អំពី​ថវិកា ដែលរដ្ឋាភិបាលបាន បម្រុងទុកសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា (CSDGs) ថាតើថវិកានោះគ្រប់គ្រាន់ក្នុងការអនុវត្ត​សម្រាប់ជួយដល់ជនងាយរងគ្រោះនៅតាមជនបទ​ឬទេ។​ ក្នុងដំណើរការអនុម័តថវិកានេះដែរ សភា ត្រូវធានាថា គោលនយោបាយ សារពើពន្ធ និងគោល​នយោ​បាយ សេដ្ឋកិច្ចដទៃទៀត ស្របតាមផែនការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍​ប្រកបដោ​យចីរភាព​កម្ពុជា (CSDGs)។

ក្នុងនាមជាស្ថាប័ននីតិប្បញ្ញ​ត្តិ រដ្ឋសភា និងព្រឹទ្ធ​សភា ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង រួមគ្នាបន្ថែមទៀត ក្នុងការអនុវត្តមុខងារស្នូលទាំងបី ដោយឆ្លុះបញ្ចាំងទៅនឹងការអនុវត្ត ក្របខ័ណ្ឌគោលដៅអ​ភិវឌ្ឍន៍​ប្រក​បដោយចីរភាពកម្ពុជា (CSDGs)៕

ដោយ សុងយោ