ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ តបតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — សេចក្តីព្រាងច្បាប់ចំនួន៥ ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ អនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ តបតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល។ សម័យប្រជុំពេញអង្គនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើ​ញ​ចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ចំនួន ៤៨រូប។

សេចក្តីព្រាងច្បាប់ចំនួន៥នោះរួមមាន៖ ទី១-សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជាឱ្យក្រុមហ៊ុន អេសភី អេចភី(ខេមបូឌា)ឯ.ក ត្រូវបានសម័យប្រជុំពិនិត្យ ឱ្យយោបល់ និងអនុម័តដោយសំឡេង ៤៨ លើ៤៨សំឡេង។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យ ក្រុមហ៊ុន ស្នេថេក វីញូវេប៊ល ឯ.ក ត្រូវបានសម័យប្រជុំពិនិត្យ ឱ្យយោបល់ និងអនុម័តដោយសំឡេង ៤៨ លើ៤៨សំឡេង។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី ត្រូវបានសម័យប្រជុំពិនិត្យ ឱ្យយោបល់ និងអនុម័តដោយសំឡេង ៤៨ លើ៤៨សំឡេង។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើ​ម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ត្រូវបានសម័យប្រជុំពិនិត្យ ឱ្យយោបល់ និងអនុម័តដោយសំឡេង ៤៨ លើ៤៨សំឡេង និង៥.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០២៣ ត្រូវបានសម័យប្រជុំពិនិត្យ ឱ្យយោបល់ និងអនុម័តដោយសំឡេង ៤៨ លើ៤៨សំឡេង។

សេចក្តីព្រាងច្បាប់ទាំង៥នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ អនុម័តកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ ហើយបានបញ្ជូនមកសុំការពិនិត្យ និងឱ្យយោបល់ពីព្រឹទ្ធសភានាពេលនេះ មុននឹងបញ្ជូនថ្វាយមហាក្សត្រឡាយព្រះហស្ត លេខាជាធរមាន៕

ដោយ ប៉ាល់ សុង