វប្បធម៌ និងម្ហូបអាហារខ្មែរត្រូវបានដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដំបូងគេនៅក្នុងប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩​ — អ្នកទស្សនានៅមជ្ឈមណ្ឌលវប្បធម៌អាស៊ានអាចមានអារម្មណ៍ថាដូចជានៅក្នុងប្រទេសកម្ពុជា ជាពិសេសជាមួយនឹងការបង្ហាញនូវការច្នៃប្រឌិតអំពីការគួរសមរបៀបខ្មែរ របាំអប្សរា ប្រាសាទ សម្លៀកបំពាក់ប្រពៃណីជាតិ និងម្ហូបអាហារដ៏ពេញនិយម ដូចជានំបញ្ចុក លតឆា ដោយការ ប្រើប្រាស់នូវពហុប្រព័ន្ធផ្សព្វផ្សាយ ការតាំងពិព័រណ៍រូបថត និងវត្ថុបុរាណផ្សេងៗ។ ដូចគ្នានេះដែរ ពួកគេក៏អាចមានអារម្មណ៍យល់ដឹងអំពីបណ្តាប្រទេសដទៃទៀតនៅ អាស៊ាន ដែរ ហើយវាកើតឡើងនៅមជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រសួងវប្បធម៌នៃប្រទេសថៃ។ នេះគឺជាអារម្មណ៍ដែលអ្នកយក ព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទទួល​បាននៅពេលដែលបាន ទៅទស្សនា ទីនោះ កាលពីពេលថ្មីៗនេះ។

មជ្ឈមណ្ឌលវប្បធម៌អាស៊ាន មានទីតាំងស្ថិតនៅជាន់ទី៣ នៃអគារមជ្ឈមណ្ឌល​សិល្បៈសម័យ Ratchadamnoen ដែលស្ថិតនៅភាគកណ្តាលនៃទីក្រុងបាងកក។ មជ្ឈមណ្ឌល​វប្បធម៌អាស៊ានទទួលស្វាគមន៍ភ្ញៀវចូលទស្សនាជាមធ្យមប្រចាំឆ្នាំមានចំនួនពី១៥០.០០០​នាក់ ទៅ២០០.០០០នាក់ ចាប់តាំងពីការបើកសម្ពោធកាលពីខែសីហា ឆ្នាំ​២០១៥។

យោងតាមមន្រ្តីនៃមជ្ឈមណ្ឌលវប្បធម៌អាស៊ាន លោកស្រី Nichakarn Boonpetch បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីបង្ហាញអំពីប្រវត្តិសាស្រ្ត វប្បធម៌ សិល្បៈ ប្រពៃណី និងគុណតម្លៃរបស់សហគមន៍អាស៊ាន​ ព្រមទាំងផ្តល់​សារជូន​សាធារណជនអំពីបេតិកភណ្ឌវប្បធម៌ និងគុណតម្លៃរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រជា​ជនរបស់ខ្លួន»។ ជាមួយនឹងទឹកប្រាក់នៃការកសាងមជ្ឈមណ្ឌលនេះ ដែលមានតម្លៃប្រមាណ ២០លានបាត(ប្រហែល ៦៤៨.៩០៨ដុល្លារអាម៉េរិក) និងមានទំហំ៦០០ម៉ែត្រក្រឡា មជ្ឈ​មណ្ឌល​នេះបម្រើការតាំងពិព័រណ៍បែបអន្តរកម្ម ដែលបង្ហាញអំពីបេតិកភណ្ឌវប្បធម៌នៃ​ប្រទេសជាសមាជិកអាស៊ានទាំងអស់តាមរយៈបច្ចេកវិទ្យាចុងក្រោយបំផុត។

លោកស្រី Nichakarn Boonpetch និងមន្រ្តីវប្បធម៌មួយរូបទៀត លោកស្រី Chutamats Kordee បាននាំអ្នកសារព័ត៌មាន AKP ដើរទស្សនាតាមតំបន់តាំងពិព័រណ៍ទាំងប្រាំមួយ ដែល​មានការតាំងពិព័រណ៍ខុសៗគ្នាគួរឱ្យទាក់ទាញ។

យោងតាមលោកស្រី Nichakarn បានឱ្យដឹងថា ភាគច្រើនអ្នកដែលមានទស្សនាមជ្ឈ​មណ្ឌល​វប្បធម៌អាស៊ាននេះ គឺនិស្សិតសាកលវិទ្យាល័យ អ្នកទេសចរបរទេស និងមន្រ្តី​រដ្ឋាភិបាល។ លោកស្រី Chutamats បានបន្ថែមថា «មជ្ឈមណ្ឌលរបស់យើង គឺបើក​ទូលាយសម្រាប់អ្នកទាំងអស់គ្នាដោយឥតគិតថ្លៃ។ យើងចង់ឱ្យប្រជាជាតិដទៃទៀតយល់ដឹង​អំពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់របស់យើង ហើយចង់ឱ្យប្រជាជនអាស៊ានរបស់យើង​មានមោទនភាពចំពោះវប្បធម៌ចម្រុះដែលយើងមាន និងគោរពគ្នាទៅវិញទៅមក។” ជាមួយគ្នា នេះដែរ ក្រោម​ការ​ដឹកនាំរបស់ក្រសួងវប្បធម៌នៃប្រទេសថៃ ក្រុមការងារទទួលបន្ទុកមជ្ឈ​មណ្ឌលវប្បធម៌អាស៊ានកំពុងធ្វើដំណើរទៅកាន់ពិភពលោក ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌​ដ៏សម្បូរបែបរបស់អាស៊ាន និងត្រៀបរៀបចំប្រារព្ធពិធីដ៏ធំមួយនៅក្នុងឱកាសទិវាអាស៊ាន នៅ​ក្នុងខែសីហាខាងមុខនេះ។ ថ្វីបើនេះជាមជ្ឈមណ្ឌលវប្បធម៌តំបន់ដំបូងគេ នៅ​អាស៊ានក៏ដោយ ក៏មិនមែនមានន័យថា ជាមជ្ឈមណ្ឌលតែមួយគត់នៃតំបន់នេះទេ។

លោកស្រី Nichakarn បាននិយាយបន្ថែមទៀតថា «វាពិតជាអស្ចារ្យណាស់ ប្រសិន​បើបណ្តាប្រទេសអាស៊ានដទៃទៀត ដូចជាកម្ពុជា អាចមានមជ្ឈមណ្ឌលវប្បធម៌ដូច្នេះមួយ។ យើងអាចធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌរបស់យើង។ នៅពេល​ដែល​ប្រទេស និងប្រជាជនអាស៊ានទាំងអស់រួមគ្នា យើងមានផលិតភាពកាន់តែច្រើន ហើយ​សំឡេង​របស់យើងក៏កាន់តែរឹងមាំដែរ៕”

ដោយ យា ចិន្តាខន្តី និង លោក មុំ ច័ន្ទតារាសូឡី