រូបថតនៅក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសក្នុងចំណោមការប្រកួតរូបថតមោទនភាព​នៃអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩​ — ក្នុងចំណោមរូបថតចំនួន៥៣សន្លឹក ដែលល្អបំផុតសម្រាប់ការប្រកួតរូបថតមោទនភាព​អាស៊ាន (Pride of ASEAN) ដែលរៀបចំដោយប្រទេសថៃ មានរូបថតចំនួនបីសន្លឹក គឺត្រូវបាន​ថតនៅក្នុងប្រទេសកម្ពុជា។លោក Wannapong Surarochprajack គណៈកម្មាធិការប្រតិបតិ្តនៃសមាគមភូមិន្ទ​រូបថតនៃប្រទេសថៃ (RPST) ដែលជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំការប្រកួតនេះ​បាន​បង្ហាញ និងពន្យល់អំពីចំណុចខ្លាំងនៃរូបថតកម្ពុជាទាំងបីនេះដល់អ្នកយកព័ត៌មាន​នៃទីភា្នក់​ងារ​សារព័ត៌មានកម្ពុជា AKP ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងបាងកកកាលពីពេលថ្មីៗនេះ។
លោក Wannaphong បានបញ្ជាក់នៅពេលដែលបង្ហាញរូបថតនៅលើអេក្រង់ទូរទស្សន៍ដ៏​ធំ​មួយថា “ខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្ត និងអង្គរធំ ហើយខ្ញុំចូលចិត្តទីកន្លែង​នោះខ្លាំង​ណាស់។ ហើយរបៀបដែលរូបថតទាំងពីរនេះបានចាប់ថតយករូបប្រាសាទទាំងពីរនេះ គឺមាន​ភាពអស្ចារ្យណាស់។ វាបានបង្កើតនូវអារម្មណ៍នៃមោទនភាព ដែលមិនត្រឹមតែសម្រាប់ជន​ជាតិ​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជននៅអាស៊ានផងដែរ។” លោកបានបន្ដថា រូបថត​ទីបីអំពីប្រទេសកម្ពុជា គឺជាទិដ្ឋភាពដ៏អស្ចារ្យមួយដែលបង្ហាញអំពីស្ពានឬស្សីតែមួយគត់ ដែល​តភ្ជាប់ខេត្តកំពង់ចាមជាមួយកោះប៉ែនឆ្លងកាត់ទន្លេមេគង្គ ដែលសម្បូរទៅដោយម្ហូបអាហារ និងជីវចម្រុះដែលឆ្លងកាត់ប្រទេសចិន ភូមា ថៃ ឡាវ ហូរមកប្រទេសកម្ពុជាមុននឹងហូរទៅ​ប្រទេស​វៀតណាម។ លោកបាននិយាយថា “រូបភាពល្អបំផុតដែលត្រូវបានជ្រើសរើស គឺជារូប​ភាពដែលនិយាយអំពីវប្បធម៌បង្រួបបង្រួម និងរបៀបរស់នៅរបស់ប្រទេសនីមួយៗ​ជាសមាជិក​អាស៊ាន និងធ្វើឱ្យយើងមានមោទនភាពចំពោះតំបន់របស់យើង”។
បើយោងតាមលោក Adul Tanthakosai សមាជិកមួយរូបទៀតនៃគណៈកម្មាធិការ​ប្រតិបតិ្តនៃ RPST បានឱ្យដឹងថា នៅក្នុងការប្រកួតរូបថតនេះ មានរូបថតចួលរួមប្រកួតចំនួន ៥.០០០រូប ហើយនៅក្នុងចំណោមនោះ រូបថតចំនួន៥៣រូប ដែលតំណាងឱ្យប្រទេស​អាស៊ាន​ទាំង១០ ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការវិជ្ជាជីវៈមួយ ដោយផ្អែកទៅលើទិដ្ឋភាព បច្ចេក​ទេសថត និងទស្សនៈ អត្ថន័យនៃរូបថតនោះ។

សមាគម RPST គឺជាទីភ្នាក់ងារមិនរកប្រាក់ចំណេញដ៏ល្បីល្បាញមួយ ដែលត្រូវបាន​បង្កើតឡើងក្រោមការគោរពនៃអតីតព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej ចាប់​តាំង​ពីឆ្នាំ ១៩៦១ មក ដោយផ្អែកទៅលើសៀវភៅរូបថតដែលមានចំណងជើងថា «តាមរយៈ​កែវថតរូបរបស់ព្រះអង្គ ព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej» ដែលសៀវភៅនេះ បានផ្តល់ឱ្យអ្នកសារព័ត៌មាន AKP។ ការប្រកួតប្រជែងរូបថតមោទន​ភាព​អាស៊ាននេះ ត្រូវបាន​ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលថៃ និងសមាគម RPST ដើម្បីស្របគ្នាជាមួយតួនាទីរបស់ថៃក្នុងនាម​ជាប្រធានអាស៊ាន​នាឆ្នាំនេះ។ គោលបំណងចម្បងនៃកម្មវិធីប្រកួតប្រជែងរូបថតនេះ គឺការលើកកម្ពស់ភាព​សម្បូរបែបនៃវប្បធម៌ និងការរស់នៅរបស់ប្រជាជននៅអាស៊ានទៅកាន់ពិភពលោក ព្រមទាំង​លើកកម្ពស់បន្ថែមទៀតនូវមោទនភាពរួមរបស់ប្រជាជននៅក្នុងប្លុកនេះ។

គួរបញ្ជាក់ថា ជ័យលាភីលេខ១ ដែលត្រូវបានជ្រើសរើសក្នុងចំណោមរូបថតទាំង ៥៣រូប នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៨០.០០០បាត (ប្រមាណ ២.៥៩៨ដុល្លារអា​ម៉េរិក) ហើយជ័យលាភីលេខ២ ទទួលបាន៥០.០០០បាត និងជ័យលាភីលេខ ៣ ទទួលបាន ៣០.០០០បាត ព្រមទាំងវិញ្ញាបនបត្រ និងការទទួលស្គាល់ផ្សេងៗទៀត៕

ដោយ យា ចិន្តាខន្តី