កម្ពុជា-អាម៉េរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែកើនឡើងថែមទៀត

AKP ភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ — ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក នៅតែមានលក្ខណៈវិជ្ជមាន មិនមានសញ្ញាណ​ថម​ថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើ​វិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សេវាកម្ម​បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក។ ការលើកឡើងនេះ ក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា។

លោក Alexander Feldman រួមជាមួយតំណាងសាជីវកម្មធំៗរបស់អាម៉េរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញ​សុទិដ្ឋិនិយម​​ចំពោះទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ការអនុវត្តស្តង់ដាររថយន្ត​អាស៊ាន, នីតិវិធីនាំចូលសម្ភារបរិក្ខារពេទ្យ និងគ្រឿងម៉ាស៊ីនសម្រាប់បម្រើវិស័យអាកាស​ចរណ៍, ការទប់ស្កាត់សកម្មភាពរត់ពន្ធផលិតផលកូកា-កូឡាឆ្លងដែន, ពាណិជ្ជកម្មអេឡិច​ត្រូ​និក និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជារបៀបវារៈដែលបានលើកឡើងដោយភាគីអាម៉េរិក។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានសម្តែងការស្វាគមន៍​ចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងបានជម្រាបជូនលោក Alexander Feldman និងតំណាងសាជីវកម្មទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាព​ប្រកួត​ប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន​ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបកស្រាយនូវ​សំណួរទាំង​ឡាយរបស់តំណាងសាជីវកម្មអាម៉េរិក និងបានគូសបញ្ជាក់ពីប្តេជ្ញាចិត្តរបស់ក្រសួង​ពាណិជ្ជ​កម្ម ក្នុងការបន្តលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាប​ជូនគណៈប្រតិភូពីភាពដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែងលុបបំបាត់របាំងពន្ធគយ និងគោលនយោបាយគាំពារនិយម ជាដើម។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក សម្រេចបាន៤.២៦៤លានដុល្លារ គឺបានកើនឡើងប្រមាណ ២៣ភាគរយ ធៀបនឹងឆ្នាំ២០១៧កន្លងទៅ។ ទន្ទឹមនេះ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជ​កម្ម​​សរុប​នៃប្រទេសទាំងពីរសម្រេចបានទឹកប្រាក់១.៦៥៦លានដុល្លារ គឺបានកើន​ឡើង ២៣.៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨៕

ដោយ ម៉ៅ ចរិយា