អង្គការ GIZ  ចុះអនុស្សរណៈជាមួយកម្ពុជា សម្រាប់អនុវត្តន៍កម្មវិធីគម្រោងពង្រឹង​និរន្តរភាពវិស័យវាយនភ័ណ្ឌ និងកាត់ដេរ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩​ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ GIZ បានចុះហត្ថលេខាលើអនុស្ស​រណៈ​នៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភ័ណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC) ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១ ក្នុងទឹកប្រាក់ប្រមាណ៦លានអឺរ៉ូ។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងកាលពី ថ្ងៃ​ទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត Guenter Riethmacher នាយកGIZ ប្រចាំប្រទេសកម្ពុជា។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិកា ក៏ដូចជាអ្នក​ជំនាញ​បច្ចេកទេសជួយដល់កម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នាពេល​កន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាចូលរួមការអនុវត្តគម្រោងរបស់GIZ ក៏ដូចជាការ​ជួយរបស់រដ្ឋាភិបាលអាល្លឺម៉ង មកដល់កម្ពុជា ពិសេសវិស័យការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបង្ហាញការរីករាយចំពោះកិច្ចសហការនេះ និងសន្យាបន្ត​កិច្ច​ការ​ងារនេះបន្ថែមទៀតទៅលើគម្រោងដើម្បីឈានសម្រេចបានភាពជោគជ័យ ស្របតាម គោលនយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី“គម្រោង​ពង្រឹង និរន្តរភាពវិស័យវាយនភ័ណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC) នៅព្រះរាជាណាចក្រ កម្ពុជា មានរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២១ ដែលមានថិវកាសរុបចំនួន ៦លានអឺរ៉ូ សម្រាប់ប្រទេសបង់ក្លាដែស, កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងវៀតណាម។ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នា​រវាង​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ GIZ នេះគឺគាំទ្រដល់បណ្តា​ស្ថាប័ន​រដ្ឋ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិត​សហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូច​មាន​ចែង​នៅក្នុងច្បាប់ស្តីពីការងារនៅព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានា ដែល​កម្ពុជា​​បានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។ ទន្ទឹមនេះ ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោងGIZ, FABRIC ដល់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យ​កាន់តែ​មានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា អនុស្សរណៈនេះ ក៏ជាការផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អនុវត្តន៍សកម្មភាពទាំងឡាយដែលគាំទ្រ​ដល់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បី​លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែលធ្វើការក្នុងវិស័យវាយន​ភ័ណ្ឌ និងកាត់ដេរ៕

ដោយ ឡុង ស៊ីវ៉ាន់