រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើសមាជិកអាស៊ានរួមគ្នាខំប្រឹងបង្កើតផលិតផល ទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម

AKP សៀមរាប ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរអាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ គឺជាកត្តាមួយដ៏សំខាន់សម្រាប់បម្រើឱ្យវិស័យទាំងនៅក្នុងតំបន់និងនៅកម្ពុជា។ កន្លងមក ឯក ឧត្តម តែងតែជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាឱ្យចូលរួមជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលទេសចរណ៍ ថ្មីៗ និងទាក់ទាញការតភ្ជាប់ការហោះហើរ ត្រង់ពីបណ្ដាប្រទេសគោលដៅនានាជារឿយៗ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញអំពីបញ្ហាប្រឈមមួយចំនួន ដែលប្រទេសជាសមា ជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរ ទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបាន កំណើនជាមធ្យម៤ភាគរយក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្ត បានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។

ឯកឧត្តម ថោង ខុន បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំ បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែម ឱ្យបានច្រើនតាម ដែល អាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកតំបន់អាស៊ានបានកាន់តែច្រើន។ ព្រោះថា នៅតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបី-អរូបី ដែលអំណោយផលដល់ ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ឱ្យក្លាយទៅជាផលិតផល ដ៏ល្អឯក និងផ្ដល់នូវការចង ចាំដ៏ជក់ចិត្តដល់ទេសចរ។ ជាមួយនេះឯកឧត្តមរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់ ប្រទេសហ្វ៊ីលីពីន និងឥណ្ឌូណេ ស៊ីផងដែរ ដែលបានតភ្ជាប់ ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួមចំណែកដល់ការជំរុញចរន្ត ភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។ តាមរបាយ ការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូលទទួល បានភ្ញៀវទេសចរ ប្រមាណ ១៣៥លាននាក់ កើនឡើង ៧.៦ភាគរយ។

សូមបញ្ជាក់ថា កិច្ចប្រជុំ ASEAN NTOs នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុង ក្របខ័ណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ៕

ដោយ ឃុត សៅ