សិស្សានុសិស្ស ជាប្រធាន និងអនុប្រធានថ្នាក់ នៃវិទ្យាល័យពោធិ៍សាត់ចំនួន១៤០នាក់ បានចូលរួមវេទិកានារីរតនៈស្តីពី យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា

AKP ពោធិ៍សាត់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សិស្សានុសិស្ស ជាប្រធាន អនុប្រធានថ្នាក់ នៃវិទ្យាល័យពោធិ៍សាត់ចំនួន១៤០នាក់ បានចូលរួមវេទិកានារីរតនៈ ស្តីពីយុវជនរួមគ្នាកាត់ បន្ថយអំពើហិង្សានៅវិទ្យាល័យពោធិ៍សាត់ ដែលរៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី ដែលមាន រយៈពេល៣ថ្ងៃ ក្រោមវត្តមានលោកស្រី ម៉ែន ផល្លីអភិបាលរងខេត្ត និងលោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី ។

លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងថា វេទិកានេះមាន គោលបំណងបង្កើនការយល់ដឹងរបស់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សា ឱ្យចេះគ្រប់ គ្រងអារម្មណ៍ពិបាកៗ ដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារនិងសហគមន៍។

លោកស្រីបន្តថា វេទិកានេះមានសារៈសំខាន់ព្រោះថា តាមរយៈសារអប់រំជាផ្នែកមួយ ដែលអាចឱ្យក្មួយៗយកទៅអនុវត្តន៍ និងផ្សព្វផ្សាយបន្តដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ។ យុវវ័យល្អ ត្រូវចេះស្តាប់ដំបូន្មានឳពុក ម្តាយ អាណាព្យាបាល ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូហើយមិនតែប៉ុណ្ណោះវាក៏ជាធនធានមនុស្សនិងជាទំពាំងស្នងឫស្សី ដែលធ្វើឱ្យសង្គមជាតិមានការរីកចម្រើនតាមរយៈការរួមចំណែកកាត់ បន្ថយនូវការប្រព្រឹត្តអំពើហិង្សាលើស្ត្រីនិងកុមារី។

លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងថា សមភាពយេនឌ័រដែល ក្រសួងកិច្ចការនារី សហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធបានអនុវត្តន៍យ៉ាងរលូន និងទទួលបានផលវិជ្ជមានក្នុងការជំរុញអនុវត្តន៍គោល នយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចតាមគោលការដែលបាន គ្រោងទុក។ ទន្ទឹមនឹងនេះវិស័យកិច្ចការនារីមានការរីកចម្រើនពិតមែន ប៉ុន្តែស្រ្តី និងក្មេងស្រី នៅប្រទេសយើងនៅតែងាយរងគ្រោះដូចជាការរំលោភបំពានផ្លូវភេទ អំពើហិង្សា ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើង ភាពក្រីក្រនិងសុខភាពទន់ខ្សោយជាដើម។

ផ្អែកតាមស្ថានភាពនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការកសាងសមត្ថភាព បុរស ស្ត្រី យុវវ័យឱ្យដល់កម្រិតខ្ពស់ដូចជា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ការធ្វើឯកទេសសកម្ម ជំនាញវិជ្ជាជីវៈកម្រិតខ្ពស់និងភាសាបរទេស ព្រមទាំងការអប់រំក្រៅ ផ្លូវការរួម មានសីលធម៌ គុណធម៌ សុជីវធម៌ ដើម្បីរួមចំណែកឈានសម្រេចទៅបានចក្ខុ វិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលដែលនឹងត្រូវ ប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ ក្រសួងកិច្ចការនារីនូវតែបន្តសកម្មភាពការងាររបស់ខ្លួន ជាបន្តបន្ទាប់ ទៅទៀតក្នុងគោលដៅលើកស្ទួយស្ត្រី លើគ្រប់ផ្នែកនិង គ្រប់វិស័យដើម្បីនាំមកនូវ សុខសន្តិភាពរុងរឿងដូចពាក្យស្លោកថា អហិង្សាជាតម្រូវការរបស់យើងទាំងអស់គ្នា ការយោគយល់គ្នា ជាមធ្យោបាយដ៏ល្អក្នុងការកាត់បន្ថយអំពើហិង្សានិងគ្មានអំពើហិង្សា សង្គមគ្រួសារ សហគមន៍និងសង្គមជាតិមានការអភិវឌ្ឍ។ ដូចនេះយើងទាំងអស់គ្នាខិតខំជំរុ ញលុបបំបាត់ឱ្យអស់នូវការរើសអើងចំពោះស្ត្រី ដើម្បីឱ្យស្ត្រីមានលទ្ធភាពសហការគ្រប់សកម្ម ភាពក្នុងសង្គម៕

ដោយ ណៅ ធឿន