ប្រមុខរាជរដ្ឋាភិបាល ព្យាករណ៍ថា កំណើនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងកើនដល់ជាង​២.៤លាននាក់នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្យាករណ៍ថា ក្នុងរយៈពេល១១ឆ្នាំខាងមុខនេះ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជា​ណាចក្រកម្ពុជា នឹងមានកំណើនប្រជាពលរដ្ឋរហូតដល់២.៤៥០.៧០០នាក់ នៅឆ្នាំ២០៣០​ខាងមុខនេះ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ នៅក្នុងសារលិខិតនា​ឱកាសទិវាប្រជាជនពិភពលោកលើកទី៣០ នាថ្ងៃទី១១ ខេកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងសារលិខិតសម្តេចតេជោបានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនេះ ទាមទារ ឱ្យមានការរៀបចំផែនការទីក្រុងច្បាស់លាស់ដើម្បីបញ្ចៀសកំណើននគរូបនីយកម្មដោយចៃ ដន្យ។ សម្តេចតេជោបានបន្ដថា ការកើនឡើងកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ គឺដោយសារតែទេសន្ត ប្រវេសន៍ពីតំបន់ជនបទមករាជធានីភ្នំពេញ​មានការកើនឡើងទ្វេដង​ក្នុង​រយៈ​ពេល១០ឆ្នាំកន្លងទៅនេះ គឺកើនពី៥៧ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជាង១.៦លាននាក់ ក្នុងឆ្នាំ២០១៣។ ដោយឡែកពាក់ព័ន្ធនឹងកំណើនប្រជាជន និងសុខភាពបន្តពូជក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសវិញ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ចំនួនប្រជាជនកម្ពុជាមាន​ការ​កើនឡើងចំនួន១១លាននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជិត១៦លាននាក់ ក្នុងឆ្នាំ២០១៧ ដែល​កំពុងមានបម្រែបម្រួលប្រជាសាស្រ្តមួយល្អប្រសើរដល់ការអភិវឌ្ឍ។

សូមជម្រាបថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវការរីកចម្រើន​គួរ ឱ្យកត់សម្គាល់ ក្នុងការធានាលទ្ធភាពទទួលបានសុខភាពបន្តពូជសម្រាប់ស្រ្តី យុវវ័យ និង គូស្វាមីភរិយា៕

ដោយ ចាន់ សុធីវង្ស