រដ្ឋមន្រ្តីក្រសួងការបរទេស ផ្តល់អនុសាសន៍ដល់និស្សិតកម្ពុជា ដែលជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានជួបជាមួយនិស្សិតកម្ពុជាចំនួន២៤រូប ដែលបានប្រឡងជាប់អាហារូបករណ៍​ក្រោមគម្រោង JDS របស់រដ្ឋាភិបាលជប៉ុន និងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយ​ផ្ដល់​នូវអនុសាសន៍មួយចំនួន ដើម្បីទទួលបាននូវបទពិសោធន៍ ចំណេះដឹងមុននឹងចេញ​ទៅ​​​ប្រទេសជប៉ុន។ ការជួបសំណេះសំណាល និងអនុញ្ញាតឱ្យក្រុមនិស្សិតកម្ពុជាចំនួន២៤រូប ជួបសម្តែងការគួរសម​នេះ ធ្វើឡើង កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការ​ក្រសួង​ការបរទេស។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងការសាទរចំពោះនិស្សិត​ទាំង​២៤រូប ដែលប្រឡងជាប់អាហារូបករណ៍ ដើម្បីសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩​នេះ ក្នុងនោះ ក៏បានចែករំលែកដល់និស្សិតអាហារូបករណ៍នូវចំណេះដឹង និងព័ត៌មានមួយចំនួន ទាក់ទងនឹងប្រជាជន និងប្រទេសជប៉ុន។ ឯកឧត្ដមបានរម្លឹកថា ប្រទេសជប៉ុនធ្លាប់រងគ្រោះ យ៉ាងធ្ងន់ធ្ងរ​ដោយសារសង្រ្គាមពីអតីតកាល ហើយអាចអភិវឌ្ឍន៍ក្លាយជាប្រទេសមហា អំណាចសេដ្ឋកិច្ចទី៣លើពិភពលោកនាពេលបច្ចុប្បន្ន ក៏ព្រោះតែមានការរួមចំណែកយ៉ាង ធំធេង​ពីធនធានមនុស្ស។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់និស្សិត ទាំង២៤រូប ត្រៀមលក្ខណៈឱ្យបានល្អ និងស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់​នូវការប្រឈមមួយចំនួន ដែលអាចកើតមានឡើងអំឡុងពេលសិក្សា លើជីវភាពរស់នៅ ម្ហូបអាហារ ធាតុអាកាស និងទម្លៀមទំលាប់ប្រពៃណី។ ជាមួយគ្នានេះ ត្រូវបង្កើនទំនាក់ទំនង ល្អជាមួយនិស្សិតបរទេស ហើយប្រកាន់ខ្ជាប់នូវវិន័យ និងសេចក្តីថ្លៃថ្នូរ ដោយថែរក្សាបាននូវ កិត្តិយសរបស់ខ្លួន និងប្រទេសជាតិ។ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់និស្សិតទាំងអស់ ត្រូវខិតខំសិក្សាស្រាវ​ជ្រាវឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ជាពិសេសនិស្សិតអាហារូបករណ៍ទាំងអស់ នឹងបំពេញការសិក្សារបស់ខ្លួនប្រកបដោយជោគ ជ័យ ហើយត្រឡប់មកវិញ ចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសជប៉ុន ក្រោម​កម្មវិធី JICA Japanese Scholarship JDS បានទទួលនិស្សិត ក៏ដូចជាមន្ត្រីរាជការកម្ពុជា ពី​ក្រសួង ស្ថាប័នរដ្ឋចំនួន៤៤០នាក់ ដើម្បីទៅបំពេញការសិក្សានៅប្រទេសជប៉ុន។ ក្នុង​ឆ្នាំ២០១៨​កន្លងមក ជប៉ុនបានដំឡើងចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា កើនដល់​២៦នាក់ ក្នុងមួយឆ្នាំ ដោយ២៤កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) និង២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។ ដោយឡែក និស្សិតកម្ពុជាទាំងអស់ ដែលបានចេញទៅសិក្សានៅ​ប្រទេស​ជប៉ុន ចាប់តាំងពីឆ្នាំ២០០១ មកដល់សព្វថ្ងៃ បានវិលត្រឡប់មកប្រទេសកម្ពុជា វិញ ចំនួន៣៦៨នាក់ (ស្រ្តី ៧២នាក់) ដោយ៧២នាក់ទៀត កំពុងបន្តការសិក្សានៅប្រទេស​ជប៉ុន​នៅឡើយ។ សម្រាប់ឆ្នាំ២០១៩នេះ និស្សិតដែលទទួលបានអាហារូបករណ៍ JDS មានចំនួន ២៦នាក់ (២៤នាក់ថ្នាក់ Master និង២នាក់ថ្នាក់បណ្ឌិត)៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា