អាជ្ញាធរជាតិអប្សរានឹងប្រើពេល ២ឆ្នាំដើម្បីជួសជុលប្រាសាទទន្លេស្ងួត

AKP សៀមរាប ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៩ -ប្រាសាទទន្លេស្ងួត ស្ថិតនៅភាគខាងជើងក្រុងអង្គរធំចម្ងាយប្រមាណតែជាង ១គីឡួម៉ែត្រប៉ុណ្ណោះ ហើយប្រាសាទនេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលត្រូវបានកសាងឡើងនាចុងសតវត្យទី១២។ រហូតមកដល់ពេលនេះ តួប្រាសាទ គ្រឹះប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទ បានទទួលរងនូវការខូចខាតយ៉ាងខ្លាំង ហើយពេលនេះអាជ្ញាធរជាតិអប្សរាក៏បាននិងកំពុងដំណើរការជួសជុលឡើងវិញ ដោយមានផែនការជួសជុលរយៈពេលពីរឆ្នាំ។

លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានគម្រោងជួសជុលប្រាសាទនេះ បានឱ្យដឹងនៅថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ថា ប្រាសាទទន្លេស្ងួត បានទទួលរងនូវការខូចខាតខ្លាំង ដោយកត្តាពីរយ៉ាងសំខាន់គឺ ទី១-ទឹកភ្លៀង ព្រោះប្រាសាទគ្មានដំបូលនាំឱ្យទឹកហូរចូលដល់ក្នុងគ្រឹះ ធ្វើឱ្យគ្រឹះប្រាសាទចុះខ្សោយខ្លាំង និងស្រុត ។ ទី២-គឺដើមឈើដែលជាបង្អែកដល់ប្រាសាទផង ហើយក៏ជាអ្នកបំផ្លាញប្រាសាទផង ព្រោះវាដុះលើប្រាសាទ ហើយចាក់ឫសចូលគ្រឹះធ្វើឱ្យថ្មនៃរចនាសម្ព័ន្ធប្រាសាទ រំកិលចេញពីស្ថានភាពដើម ទើបមានថ្មខ្លះរអិលធ្លាក់ ហើយខ្លះទៀតឫសឈើទាញចេញពីគ្នា។

លោក សារិទ្ធ បានឱ្យដឹងទៀតថា ដោយសារស្ថានភាពទ្រុឌទ្រោមខ្លាំងនេះហើយ កាលពីឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរាបានធ្វើការទុលទ្រជុំវិញប្រាសាទទប់ទល់នឹងការបាក់រលំ។ រហូតមកដល់ឆ្នាំ២០១៩នេះ ទើបក្រុមការងារមានលទ្ធភាពក្នុងការជួសជុល ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទឱ្យមានលំនឹងឡើងវិញ ក៏ដូចជាការលើកតម្លៃមរតកដូនតាដែលជាស្ថាបត្យកម្មដ៏សំខាន់មួយនៃមន្ទីរពេទ្យនាសម័យព្រះបាទជ័យវរ្ម័នទី៧ ឱ្យមានរូបរាងល្អប្រសើរឡើងវិញ។ ចំពោះដំណើរការជួសជុលប្រាសាទទន្លេស្ងួតនេះ វាមានភាពលំបាកនិងស្មុគស្មាញខ្លាំង ព្រោះគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមបានខូចទាំងស្រុង មិនអាចទ្រលំនឹងតួប្រាសាទធ្វើពីថ្មភក់បាន ។ ដូច្នេះកិច្ចការនេះត្រូវទាមទារពេលវេលាយូរ ដោយអ្នកជំនាញ និងបច្ចេកទេសច្បាស់លាស់ ហើយចែកជាពីរដំណាក់កាល ពោលគឺ ទី១-​ រុះរើតួប្រាសាទទាំងអស់ពីលើដល់គ្រឹះ ហើយប្រមូលថ្ម ចុះបញ្ជីថ្ម ចុះលេខថ្ម សម្រង់ប្លង់ប្រាសាទ និងធ្វើកំណាយស្រាវជ្រាវ ៤កន្លែង ដើម្បីសិក្សាពីស្ថានភាពគ្រឹះមុននឹងធ្វើការជួសជុល។ ទី២ – គឺការរៀបសាឡើងវិញទៅតាមបទដ្ឋានបច្ចេកទេសដើម ទម្រង់ដើម ដោយមានការសិក្សាយ៉ាងល្អិតល្អន់ទាំងគ្រឹះ ជញ្ជាំង និងដំបូល ព្រមទាំងធ្វើការសិក្សារកថ្មរាយប៉ាយ ប្រមូលរៀបផ្គុំសាកល្បង ហើយយកដាក់បំពេញទីតាំងដើមវិញក្នុងពេលជួសជុល។

គួរបញ្ជាក់ដែរថា ប្រាសាទ ឬមន្ទីរពេទ្យទន្លេស្ងួត កាលពីឆ្នាំ២០១៧ ធ្លាប់បានធ្វើកំណាយស្រាវជ្រាវដោយអ្នកជំនាញបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា បានរកឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ ប្រាសាទនេះ មិនធ្លាប់មានការជួសជុលឡើយពីមុន គឺមានតែអ្នកជំនាញបារាំងបានចូលមកថែទាំ សម្អាត និងកាប់ដើមឈើដុះលើប្រាសាទនាឆ្នាំ១៩៣០ និងធ្វើកំណាយស្រាវជ្រាវផ្នែកតួប៉មជ្រុងអាគ្នេយ៍ និងជុំវិញប្រាសាទដើម្បីបកយកកំណកដីលើខឿនប្រាសាទ ហើយប្រមូលថ្មដែលធ្លាក់ពីលើមកទុកមួយកន្លែង និងចងក្រងឯកសារខ្លះៗតែប៉ុណ្ណោះ៕

ដោយ ហង្ស សៀក