រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រង ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម

AKP ព្រះសីហនុ ថ្ងៃទី០៩​ ខែកក្កដា ឆ្នាំ២០១៩ — នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រង ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ក្នុងខេត្ត ព្រះសីហនុ ដើម្បីកែលម្អសោភណភាព និងរក្សាអត្តសញ្ញាណជាតិខ្មែរ។

ក្នុងកិច្ចប្រជុំបានពិភាក្សាលើកយកចំណុចប្រឈម និងការងារងាយស្រួលដែលក្រុម ការងារបច្ចេកទេស ចុះអនុវត្តន៍កន្លងមកធ្វើឱ្យម្ចាស់ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមាន ការយល់ដឹងចូលរួមកែលម្អ និងសហការជាមួយការងារបច្ចេកទេសកែសម្រូលអក្សរសាស្ត្រ ខ្មែរ តាមអត្តសញ្ញាណជាតិខ្មែរ។

លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជាប្រធានក្រុម ការងារត្រួតពិនិត្យស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឱ្យការងារត្រួតពិនិត្យមានលក្ខណៈល្អប្រសើរ  ម្ចាស់សិប្បកម្មបោះពុម្ពគឺ ទី១. មុនបោះ ពុម្ពត្រូវឆ្លងមន្ទីរជាមុនសិន, ទី២. ត្រូវមានអ្នកបកប្រែចេះភាសាខ្មែរ, ទី៣. ហាមបកប្រែភាសា តាម Google។ ដោយសារបច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកន្លែងបោះពុម្ព ស្លាកយីហោចំនួន ២៣កន្លែង ក្នុងនោះ ខ្មែរ ០២កន្លែង និងជនបរទេស ២១កន្លែង។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានវាយតម្លៃសកម្មភាពរបស់ក្រុម ការងារបច្ចេកទេសត្រួតពិនិត្យគ្រប់គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុង ខេត្តព្រះសីហនុ ដោយយើងបានឯកភាពបង្កើតក្រុមទីពីរ ដែលមានមន្ត្រីជំនាញទទួលខុស ត្រូវរៀបចំផែនការសកម្មភាពរយៈពេល៣ខែ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព តាម ប្រកាសអន្តរក្រសួងព័ត៌មាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យស្លាក យីហោកាន់តែមានប្រសិទ្ធភាព។

លោកអភិបាលរងខេត្តបន្តថា ត្រូវចូលរួមការងារត្រួតពិនិត្យការងារស្លាកយីហោ ផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងក្រុង ស្រុក ខេត្ត ដើម្បីធានាអនុវត្តន៍នូវអត្តសញ្ញាណជាតិខ្មែរ និងសោភណភាពក្រុង ខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ក្នុងការអនុវត្ត ការងារត្រួតពិនិត្យស្លាកយីហោ ផ្សព្វផ្សាយពាណិជ្ជកម្មកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ ងូ សុមុនី