អ្នកជំនាញអន្តរជាតិផ្នែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — អ្នកជំនាញការអន្តរជាតិ២រូប គឺលោកសាស្ត្រាចារ្យ ហ្សាក់កេ រូហ្វេ (Jacques Ruffé) អ្នកជំនាញការអន្តរជាតិផ្នែកអភិវឌ្ឍន៍វិស័យទេសចរណ៍ និងលោកតាន់ កូកូស៊ីស ចាឡារាម ប៉ូស៍ (Tann Coccossis Chalarampos) អ្នកជំនាញជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងរៀបចំ ទេសចរណ៍ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បានចូលជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តសៀមរាបក្នុងគោលបំណងសិក្សាអំពីការរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេស ចរណ៍នៅខេត្តសៀមរាប។

លោកសាស្ត្រាចារ្យ ហ្សាក់កេ រូហ្វេ (Jacques Ruffé) បានថ្លែងថា ខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍មួយរបស់កម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកថា លំហូរទេសចរបានតម្រូវឱ្យខេត្តសៀមរាបមានផែនការមេមួយច្បាស់លាស់ ដូច្នេះហើយទើប លោក និងក្រុមការងារចាំបាច់ត្រូវសិក្សាឈ្វេងយល់ពីស្ថានភាពនៃការអភិវឌ្ឍវិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប និងតំបន់ជុំវិញសិក្សាឈ្វេងយល់អំពីគម្រោងអភិវឌ្ឍន៍ក្រុង និងខេត្តសៀមរាប គម្រោងរៀបចំ និងអភិវឌ្ឍន៍តំបន់ជនបទ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូន និងផ្លូវថ្នល់ការគ្រប់គ្រងសំណងរីងរាវក្នុងក្រុងសៀមរាប និងធ្វើការ វិភាគចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមរបស់ក្រុងសៀមរាប វិភាគអំពីស្ថានភាពនៃ ការមកដល់នៃភ្ញៀវទេសចរទៅតាមតំបន់គោលដៅទេសចរណ៍នីមួយៗ។

ពាក់ព័ន្ធបញ្ហានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានជម្រាប ជូនអ្នក ជំនាញអន្តរជាតិទាំងពីររូបនេះថា ខេត្តសៀមរាប ជាខេត្តមួយដែលពឹងផ្អែកស្ទើរទាំង ស្រុង លើវិស័យទេសចរណ៍។ ដូច្នេះទាំងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់រៀបចំហេដ្ឋា រចនាសម្ព័ន្ធនានា ដើម្បីគ្រប់គ្រងការងារនេះ។ ជាក់ស្តែងអាជ្ញាធរខេត្តសៀមរាប បានបង្កើត គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលមានឯកឧត្តម អភិបាលខេត្តជាប្រធាន។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអនុប្រធាន គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេចរណ៍ក្នុងខេត្តសៀមរាប ក៏បានលើកឡើង ដែរថា តំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាប គេមិនអាចកំណត់ថា តំបន់ណាជាតំបន់ទី១ បាននោះទេ គឺទាំងនៅតំបន់ប្រាសាទ តំបន់ក្នុងក្រុងសៀមរាប និងតំបន់បឹងទន្លេសាប គឺត្រូវបានចាត់ទុកជាតំបន់ទី១ទាំងអស់។ ឯកឧត្តមបន្តថា ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ បានគិតគូរច្បាស់លាស់ ដើម្បីធ្វើយ៉ាងណា ឱ្យអ្នកទេសចរបានត្រៀមខ្លួនក្នុងការ ទទួលយកកញ្ចប់សេវាទេចរណ៍ដ៏ល្អរបស់ខេត្តសៀមរាប៕

ដោយ ឃុត សៅ