ព្រះករុណា ព្រះមហាក្សត្រ ឧទ្ទិសពិធីរុក្ខទិវា ឱ្យស្ថិតក្នុងបេះដូង របស់បងប្អូនជនរួមជាតិគ្រប់ៗរូប

AKP ក្រចេះ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានមានព្រះរាជឱង្ការ ឧទ្ទិសពិធីរុក្ខទិវាឆ្នាំនេះ ឱ្យស្ថិតក្នុងបេះដូងរបស់​បង​ប្អូន​ជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួម​គ្នាថែ​រក្សា និងការពារធនធានព្រៃឈើ សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតទៅ។

ក្នុងខណៈដែលព្រះអង្គយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពីធីរុក្ខទិវា  ដែ​​លប្រា​រព្ធ​ធ្វើឡើង នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹក​ថ្ងៃ​អ​ង្គា​រ ៨​កើ​ត ខែអា​សា​​​ឍ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០១៩នោះ ព្រះ​ករុណា​មាន​​​​ព្រះរាជ​ឱង្ការរម្លឹកថា ពិធីរុក្ខទិវានេះ ត្រូវបានរៀបចំឡើងតាំងពីសម័យ​សង្គមរា​ស្ត្រ​និ​យម ក្រោ​​​ម​ព្រះ​រាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបរមរតន​កោដ្ឋ ជាទី​គោរ​ព​ស​ក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែ​ល​មាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបន្តប្រារព្ធ​ពិធី​រុក្ខ​ទិវា នៅ​តាមរាជធានី ខេត្តទូទាំងប្រទេស។ ព្រះអង្គក៏បានសម្ដែងនូវហឬទ័យ អបអរសាទ​ដែ​ល​ព្រះ​រា​​ជា​ណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រ​តិបត្តិការព្រៃ​ឈើ​​អាស៊ី និង​អង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅទី៤៤ ក្នុងឆ្នាំ២០១៩នេះ ដែល​កម្ពុ​ជានឹង​​ទ​ទួ​​ល​បាននូវអត្ថប្រយោជន៍ជាច្រើន។ ព្រះអង្គក៏បានគូសបញ្ជាក់ថា  ប្រជាជន​កម្ពុជា​យើ​ង បាន​យ​ល់​បានប្រាកដណាស់ថា ព្រៃឈើ​ជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិត​មនុ​ស្ស និង​សត្វ​រស់នៅលើភពផែនដីយើងនេះ ព្រៃឈើបានរួមចំណែករក្សា លំនឹងធម្មជាតិ និង​ចូលរួម​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារ​ដី​នៅ​ទីជម្រាល ប្រព័ន្ធការពារជីវចម្រុះជាដើម។ ដូច្នេះការបាត់បង់ព្រៃឈើគ្រប់​ប្រភេទ អាចប​ណ្ដា​​ល​ឱ្យ​មាន​ទឹក​ជំនន់ ខ្យល់ន្ទ្រាក់ និងរន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យ​ទីតម្កល់ទឹកធានា​ស​ម្រាប់​តម្រូវ​កា​ររបស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការ​បាត់បង់​ប្រាក់ចំណូល សត្វ​ព្រៃ​ ធនធាន​មច្ឆ​ជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណ​ភា​ព​ដីផងដែរ។ ព្រះ​ករុណា ព្រះមហាក្សក៏បានអំពាវនាវចំពោះ ព្រះសង្ឃ អាជ្ញាធរដែនដី និង​ប​ង​​​​ប្អូ​ន​​​ជន​រួមជាតិ​នៅ​ទូ​ទាំ​ង​ប្រទេស ចូលរួមដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះក៏មានដើមត្នោត​ផ​ង​​ដែរ នៅតាម​ទី​វត្ត​អា​រាម ទីសាធារណៈ និងរមណីយដ្ឋាន តាម​ផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូ​មិឋាននានា និង​តាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់​ជាជម្រក​មនុស្ស សត្វ បានជាឈើសំណង់ អុ​ស​ ធ្យូង ប​ង្កើន​ជីវ​ជា​តិដីកសិកម្ម ដើម្បីកាត់បន្ថយការ​ប្រើប្រាស់ឈើធម្មជាតិ ជួយទប់​កម្លាំ​ង​ខ្យ​ល់​កន្ទ្រាក់ និង​ប​ម្រែ​បម្រួលអាកាសធាតុផងដែរ។ លើសពីនេះទៀត គួរយកចិត្តទុកដាក់រៀបចំ ដើម្បី​ឱ្យគូស្រករ​ទើប​រៀ​បអាពាហ៍ពិពាហ៍ ដាំដើម ឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍​ពិពា​ហ៍​ ដែលបាន​បង្កើត​ឡើង​ដោយរដ្ឋបាលព្រៃ ឈើ ឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជន ស្រុក ក្រុ​ង​ ឃុំ សង្កាត់ ភូមិ។ ព្រះអង្គក៏សូមឱ្យបងប្អូន ជន​រួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ  ការ​កាប់រាន ដុត ឈូ​ស​ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែ​រក្សា​ការ​ពារព្រៃឈើ ជាពិសេស​ការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែល​បងប្អូ​ន​​​​​រស់នៅ ដើម្បីរក្សា​ការ​ពារឱ្យ​បាននូវធនធាន​ព្រៃ​ឈើសម្រាប់កូនចៅយើងជំនាន់នេះ និងជំ​នា​ន់​ក្រោយៗទៀត។ ជាមួយគ្នានេះ ត្រូវចូលរួម​យកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍​នី​មួ​​​យៗ ទៅតាមស​ក្ដា​នុពលដី​ប្រកប​ដោយភាពឆ្លាតវៃ ដោយមិនពឹងអាស្រ័យទៅលើតែផល អ​នុ​ផលព្រៃឈើ​នោះ​ឡើយ និងមាន​ការចូលរួមជួយណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស។ ព្រះ​អង្គ​ក៏បាន​សម្ដែង​នូវការអរគុណ​ដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាមិត្ត អង្គការជាតិ អន្តរ​ជា​តិនានា ដែ​ល​បាននិងកំពុងយក​ចិត្តទុកដាក់ចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារ​ធន​​ធានព្រៃឈើ សត្វព្រៃ ក៏ដូចជាចូលរួមក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គ​ម​កម្ពុ​ជា ក្នុង​ពេល​អតីតកាល និងបច្ចុប្បន្ននេះ ហើយសូមជួយបន្តទៅមុខទៀត ដើម្បីសម្រេច​គោ​ល​​​ដៅ​អភិ​វឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាពនៅកម្ពុជា។

គួរបញ្ជាក់ដែរថា  ព្រះរាជពិធី «រុក្ខ​ទិវា» ៩កក្ក​ដា​ ក្នុងឆ្នាំ២០១៩នេះ មានកូន​ឈើ​ក​ម្រ​ និង​ប្រណិតចំនួនជាង ១៣.០០០ដើម ​​ត្រូវ​ដាំលើផ្ទៃដី​ស​រុប ១០ហិកតា នៅនៅភូមិស្រែត្រែង ឃុំ​ក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដែលក្នុងនោះ មាន កូនឈើប្រភេទកកោះ  អ​ង្កា​ញ់ ធ្នង់ គ្រ​​ញូង ធ្នង់ និង​ គគីរ។ ដោយឡែកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ​២០១៨ ព្រះករុណា​ជា​អ​ម្ចា​ស់​ជីវិត​លើត្បូង ព្រះ​​​បាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​​កម្ពុជា ជា​​ទី​​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្តេច​យាង​ជា​ព្រះ​រា​ជា​ធិប​តី​ភា​​ព ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ ” រុក្ខ​ទិវា ” ដែលប្រារព្ធ​ឡើង​នៅលើ​ផ្ទៃដីទំហំ​ជា​ង​ ៥០ ហិ​ក​តា ស្ថិ​​​ត​ក្នុង​ស្ថានីយ​ដាំ​កូន​ឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំ​ពត៕

ដោយ ជឹម ណារី