កម្ពុជា គ្រោងនឹងពិនិត្យលទ្ធភាព ក្នុងការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋនាពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — កម្ពុជា គ្រោងនឹងពិនិត្យលទ្ធភាព ក្នុងការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋនាពេលខាងមុខនេះ ដែលមិនត្រឹមតែជួយកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពនៃហិរញ្ញប្បទាន និងកៀរគរការប្រាក់ សន្សំក្នុងស្រុក។ នេះជាការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីស្តីទី នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសទទួលពិភាក្សាការងារ ជាមួយគណៈប្រតិភូធនាគារ អភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយឯកឧត្តម អាម៊ីត មូនីប សាអ៊ីត (Mr. Ahmet Muneeb Saeed) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា សញ្ញាប័ណ្ណរដ្ឋនេះនឹងជួយអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពរបស់ក្រសួង-ស្ថាប័ន ពាក់​ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីត្រៀមខ្លួនចូលទៅកាន់ទីផ្សារមូលធនថែមទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនផងដែរ អំពីស្ថានភាពរួមនៃសេដ្ឋកិច្ចកម្ពុជា ដែលបាន និងកំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការ នេះគឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

ឯកឧត្តមអាម៊ីត មូនីប សាអ៊ីតអនុប្រធាន ADB ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងការសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយក្រីក្រ។ ឯកឧត្តមអនុប្រធាន ADB ក៏បានគូស បញ្ជាក់​ផងដែរថា ADB នឹងបន្តជួយគាំទ្រដល់កម្ពុជា និងចង់ជួយកម្ពុជាពាក់ព័ន្ធការរៀបចំ ក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្រ្តី ស្តីទីបានស្នើឱ្យADBបន្តជួយកម្ពុជាលើកិច្ចការសំខាន់ៗចំនួន០៥ រួម​មាន ១.ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា។ ២.ការ​អភិវឌ្ឍធនធានមនុស្ស និងជំនាញ។ ៣.ការ អភិ វឌ្ឍវិ ស័យ ហិរញ្ញវត្ថុ។ ៤.ការធ្វើផែន​ការ​នគរូប​​​នីយកម្ម ដោយផ្អែកលើផែនការមេ និងផែនការវិនិយោគរបស់វិស័យនេះ និង ៥.ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដោយផ្តោតលើការតភ្ជាប់បណ្តាញភាពទុកចិត្តបាន និងតម្លៃ សមរម្យ។

គួរបញ្ជាក់ដែរថា គិតចាប់ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់​ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៦០ ដែលមានទឹកប្រាក់ សរុបចំនួនប្រមាណ៣.១៩៤ លាន​ដុល្លារអាម៉េរិក (មិនបញ្ចូលសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងវិស័យ​ឯកជន) ក្នុងនោះមាន ឥណទានសម្បទានចំនួនប្រមាណ ២.៧០៤ លាន ដុល្លារ អាម៉េរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១០៦ ក្នុងនោះគម្រោងចំនួន ៦៨ បានបញ្ចប់ និងគម្រោង ចំនួន៣៨ កំពុងដំណើរការ និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ៤៩០ លានដុល្លារ​អាម៉េរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៥៤ ក្នុងនោះគម្រោងចំនួន៣៦ បានបញ្ចប់ និង​គម្រោងចំនួន១៨កំពុងដំណើរការ។ ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនោះ បានប្រើប្រាស់​សម្រាប់ធ្វើការវិនិយោគទៅលើវិស័យមួយចំនួន ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, វិស័យផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធក្រុង, វិស័យ គមនា គមន៍ និងបច្ចេកវិទ្យា​ព័ត៌មាន, វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យ គ្រប់ គ្រង សាធា រណៈ, វិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យ ថាមពល និង ពហុវិស័យ៕

ដោយ គង់ សិរីរ័ត្ន