សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នេះជាពាក្យបណ្តឹងលើកដំបូងរបស់សម្តេច​ដែលសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក ឡើងថា នេះជាពាក្យបណ្តឹងលើកដំបូងរបស់សម្តេចដែលសម្តេច​សម្រេចប្ដឹងជាលក្ខណៈ​ឯកជនចំពោះបុគ្គល សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការ​របស់សម្តេចនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម ស ខេង បានសរសេរថា សម្តេចសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់សម្តេចមក​ដល់ពេល​នេះ សម្តេចមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់សម្តេច ដែល​សម្តេចបានប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី។ បើតាមសម្តេច ការសម្រេចចិត្ត​ដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ សេចក្តី​ថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន​ដើម្បីញុះញង់​បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និង មហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន។ សម្តេចបានសង្កត់ធ្ងន់ថា ពាក្យបណ្តឹងនេះ ក៏ដើម្បីទាម​ទារ​យុត្តិធម៌ដល់រូបសម្តេច និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការ​លាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតផងដែរ។

សូមរម្លឹកថា សម្តេចក្រឡាហោម ស ខេង តាមរយៈមេធាវីបានដាក់​បណ្តឹងទៅសាលា​ដំបូងរាជធានីភ្នំពេញប្តឹងទណ្ឌិត សម រង្ស៊ី ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាម​មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ យោងតាមបណ្តឹងចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម បានសុំឱ្យតុលាការចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ជាផ្លូវការ និងទាមទារសំណងចំនួន៤ពាន់លានរៀលផងដែរ។ ការសម្រេចដាក់​ពាក្យបណ្តឹង​របស់សម្តេចក្រឡាហោម ស ខេង នេះ គឺធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញ​ទំនាក់ទំនងសង្គមហ្វេសប៊ុកបានសរសេរភ្ជាប់រូបសម្តេចទៅនឹងការស្លាប់របស់អតីតឯកឧត្ដម ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ក្នុងចេតនាចង់ ឱ្យមានការបែកបាក់​សាមគ្គីផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមក៏សូមអំពាវនាវដល់អ្នក​នយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិកា ក្នុងសកម្មភាព របស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឱ្យ​មានការបែក​បាក់ក្នុងសង្គម និងធ្វើឱ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

ដោយ ចាន់ សុធីវង្ស