ព្រឹទ្ធសភាកំណត់យកថ្ងៃទី១១ ខែកក្កដាខាងមុខ បន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើរបៀបវារៈចំនួន៥

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ –កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុម័តកំណត់យកថ្ងៃទី១១ ខែកក្កដា ខាងមុខបន្តសម័យប្រជុំ លើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។

តាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ​ស​ភា​បានឱ្យដឹងថា សម័យ ប្រជុំពេញអង្គលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤នេះ មានរបៀបវារៈចំនួន៥គឺ៖ ទី១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន អេសភី អេចភី(ខេមបូឌា) ឯ.ក។ ២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក វីញូវេប៊ល ឯ.ក។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី។ ៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និង លុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និង របៀបវារៈទី៥- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើផែនការយុទ្ធ សាស្ត្រជាតិឆ្នាំ២០១៩-២០២៣៕

ដោយ ប៉ាល់ សុង