ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ៦.០០០លានដុល្លារបន្ថែម ក្នុងរយៈពេល​១០ឆ្នាំបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនឱ្យបាន៦.០០០​លាន​ដុល្លារ​​អាម៉េរិក​បន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធ​សាស្ត្រស្នូល ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធី​សម្ពោធ​អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃក្រុមហ៊ុន កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម ​ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធានសមាគម​សម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា។ លោក លី មីន បា​​នគូសបញ្ជាក់ថា ដោយមើលឃើញពីសក្ដានុពលវិនិយោគ​នៅក្នុង ប្រទេសកម្ពុជា ស្របពេលដែល​កំណើន​សេដ្ឋកិច្ច​ប្រទេសនេះ អាចរក្សាបាននូវ​កំណើន​មួយ ល្អប្រសើរ ជាពិសេសគឺរក្សាបាននូវ​ស្ថេរភាពនយោបាយក្នុងស្រុក ទើប​ក្រុមហ៊ុន សម្រេច នឹង បន្ថែមទុនវិនិយោគ​ឱ្យបាន​៦.០០០លានដុល្លារអាម៉េរិក នៅក្នុង​រយៈពេល១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុន នឹងជ្រើស​​យករាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្ដសៀមរាប គឺជាទីតាំង​អាទិភាព​របស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគ​បន្ថែម មុននឹងពង្រីកវិសាភាពរបស់ខ្លួន​ទៅ តាម​បណ្ដាល​ខេត្តផ្សេងទៀត។ លោកបបន្ដថា វត្តមានរយៈពេលបួនឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០ ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹកប្រាក់សរុបលើសពី៤.០០០លានដុល្លារអាម៉េរិក និងមានដីបម្រុង​សរុបជាង១.២០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំ​គម្រោង​អភិវឌ្ឍន៍សរុប​ចំនួន២០លាន ម៉ែត្រការ៉េ។

លោក ឈាវ គួរស៊ីង (QIU GUOXING) ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្ត លើការ​វិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានសាងសង់អគារទីស្នាក់ការកណ្តាល​រួមមួយ​របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលមានការបណ្ដាក់ទុនសាងសង់​ប្រមាណ​៧០លាន​ដុល្លារ​ លើទំហំ​ផ្ទៃដី​សរុប​២៤.៨០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ ដើម្បីប្រមូលផ្តុំក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំង​អស់​របស់ខ្លួនក្នុងប្រទេសកម្ពុជា អាចធ្វើការជារួមជុំគ្នា នៅទីតាំងតែមួយ ដោយអគារទាំងមូល បានប្រើប្រាស់រចនាបថ​បែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនឹងការិយាល័យ​លក្ខណៈ​អេកូឡូស៊ី និងសន្សំសំចៃថាមពល ដែលអាចកាត់បន្ថយការបំពុលបរិស្ថាន មានសាលសន្និ​សីទ​ខ្នាតធំ ផ្សារទំនើប និងចំណត​ឧទ្ធមាគចក្រ ផងដែរ។

គួរបញ្ជាក់ថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅ​ក្នុង​ប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបប្រមាណជាង ២.០០០លានដុល្លារ​អាម៉េរិក​ទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះ គម្រោង​ដែលបានសាងសង់រួចរាល់ មាន៨គម្រោង គម្រោង​កំពុងសាងសង់មាន៧គម្រោង គម្រោង​ស្ថិត​ក្នុងផែនការ មាន៧គម្រោង និងគម្រោងទិញបញ្ជូលមានចំនួន២គម្រោង គឺអគារពាណិជ្ជ​កម្ម Phnom Penh Tower និងអគារពាណិជ្ជកម្ម Diamond One កោះពេជ្រ ៕

ដោយ ម៉ៅ ចរិយា