អភិបាលខេត្តបន្ទាយមានជ័យជំរុញក្រុមការងារ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ​បន្តចុះជួយជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់​កន្ត្រាក់

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់ក្រុមការងារចុះជួយ មូលដ្ឋានរួមជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបន្តប្រឹងប្រែងពន្លឿន ក្នុងការចុះជួយជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់ កន្ត្រាក់ដែលបានកើតមានឡើងនៅតំបន់ខ្លះក្នុងស្រុកចំនួន ៨របស់ខេត្តកាលពីថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០១៩កន្លងមកនេះ បណ្តាលឱ្យខូតខាតផ្ទះប្រជាពលរដ្ឋ សាលារៀនជិត១០០ខ្នង និងរបួសមនុស្សម្នាក់។

ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី បាន​ដឹកនាំក្រុមការងារខេត្ត យុវជន កងកម្លាំងប្រដាប់អាវុធ នាំយកស័ង្កសី និងឈើពីខេត្តដែលជាអំណោយរបស់ ឯកឧត្តម ឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ត្រូវចុះជួយជួសជុលអគារសាលារៀន១ខ្នង នៅសាលាបឋមសិក្សាពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ជាមួយគ្នានេះក៏បានប្រគល់ស័ង្កសីជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅទីនោះផង ដែរ កាលពីថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៩ ។ នៅទីនោះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមសម្តែងនូវ ការសោកស្តាយ ចំពោះភាពមហន្តរាយនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានបំផ្លាញផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋយ៉ាងច្រើននេះ។ 

ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវ រួមគ្នាបន្តចុះជួយជួសជុលផ្ទះសម្បែង និងឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់ជូនប្រជា ពលរដ្ឋដែលរងគ្រោះនេះនៅគ្រប់ទីកន្លែង ដែលជួបគ្រោះខ្យល់កន្ត្រាក់នេះ។ ជាមួយនោះដែរ ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅខណៈ មានភ្លៀង ខ្យល់ ផ្គររន្ទះ គប្បីត្រូវរកទី​កន្លែងជ្រកដែល​មានសុវត្ថិភាព។

យោងរបាយការណ៍លេខាធិការដ្ឋានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ដែលបាន​កើតឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ សរុបរួម ប៉ះពាល់ខូចខាតផ្ទះ ៩៩ ខ្នង (ក្នុងនេះធ្ងន់ ១៦ខ្នង), សាលារៀន ០១ខ្នង, ជង្រុក ០២, ស័ង្កសី ១០៧២សន្លឹក, ក្បឿង ១៥០ សន្លឹក,និងរបួសមនុស្ស០១នាក់(បញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី)។ របាយការណ៍នេះបាន​បង្ហាញ ឱ្យដឹងទៀតថា នៅ​ស្រុកថ្មពួក ខូចខាតផ្ទះ ២១ខ្នង (ក្នុងនេះធ្ងន់ធ្ងរ ៧ខ្នង), ស័ង្កសី ២៤០សន្លឹក ស្រុកស្វាយចេក ផ្ទះ ២១ខ្នង ជង្រុក ០២ , ស័ង្កសី ៣៥៨សន្លឹក ក្រុងប៉ោយប៉ែត ផ្ទះ ០៦ខ្នង ស័ង្កសី ៩០សន្លឹកស្រុកព្រះនេត្រព្រះ ផ្ទះ ១៣ខ្នង(ធ្ងន់ ៩ខ្នង), ស័ង្កសី១៥២សន្លឹក ស្រុកមង្គលបូរី ផ្ទះ ០១ខ្នង, ស័ង្កសី ២៤សន្លឹកក្រុងសិរីសោភ័ណ ផ្ទះ ០៩ខ្នង, ស័ង្កសី ១២៧ សន្លឹក ​ស្រុកភ្នំស្រុក ផ្ទះ ២៧ខ្នង, សាលារៀន ១ខ្នង, ស័ង្កសី ៦១សន្លឹកនិងស្រុកអូរជ្រៅផ្ទះ ០១ខ្នង, ស័ង្កសី ២០សន្លឹក ៕

ដោយ ឈុន សារ៉ាត