ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំមន្ត្រី និងអ្នកស្រុកកោះធំ ទៅធ្វើទស្សនកិច្ច​នៅវិមានឈ្នះឈ្នះ​

AKP ភ្នំពេញ ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង ២០០នាក់ទៅធ្វើទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះ ឈ្នះ និង​ទទួលស្វាគមន៍ដោយ​ក្រុមការងារមគ្គុទ្ទេសក៍​យ៉ាងយកចិត្តទុកដាក់ ក្នុងការណែនាំចង្អុលបង្ហាញឱ្យ​គណៈប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមាន​ប្រសាសន៍​គូសបញ្ជាក់អំពីសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំ ដើម្បីបានយល់ដឹង និងយកទៅត្រិះរិះពិចារណា ផ្សព្វផ្សាយបន្ត។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏​បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់លទ្ធភាពឱ្យ​កម្ពុជាអាចទាក់ទាញវិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារសម្បូរសប្បាយដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា​ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យ​របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវរលំរលាយទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយនិងយោធា ធ្វើឱ្យ​ប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ មានការឯកភាពជាតិ និងការឯកភាពទឹកដីទាំងស្រុង ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩៨មក ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន