ឯកឧត្តម ជាម ហ៊ីម ប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សា

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ ក្នុងក្រុងខេត្តព្រះសីហនុ បានវេប្រគេនទៀនចំណាំព្រះវស្សាទៅដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤៧វត្ត ក្នុងនោះព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានាក្នុងខេត្តព្រះសីហនុចំនួន ៣៩វត្ត និងវត្តនៃខេត្តដទៃទៀត ៨វត្ត ។

ពិធីវេប្រគេនទៀនចំណាំព្រះវស្សានេះ បានរៀបចំធ្វើនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម កាលពីរសៀលថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុទាំងអស់នេះ មួយផ្នែកជាការជួយឧបត្ថមរបស់រដ្ឋបាលខេត្ត មួយផ្នែកទៀត គឺជាការចូលរួមឧបត្ថម្ភដោយពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជននានាដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីជួយបំពេញកិច្ចទ្រទ្រង់ដល់ព្រះសង្ឃ នាឱកាសនិមន្តចូលកាន់ព្រះវស្សារយៈពេល ៣ខែ តាមពុទ្ធបញ្ញាត្តិ ។

សូមបញ្ជាក់ថា ទេយ្យវត្ថុសម្រាប់វេប្រគេនព្រះសង្ឃក្នុងកិច្ចប្រគេនទៀនចំណាំព្រះវស្សា ក្នុងវត្តទាំង៤៧ ក្នុងនោះវត្តទូទាំងខេត្តព្រះសីហនុ មានចំនួន ៣៩វត្ត ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ១គូ សំពត់ងូត សៀវភៅធម៌ ៣០ក្បាល អង្ករ ០៥បាវ ទឹកត្រី ១កេស សៀង២ប៊ីដុង ទឹកស៊ីអ៊ីវ ១កេស ខ្ទឹមស ៣គីឡូក្រាម ប៊ីចេង ៣គីឡូក្រាម ស្កសរ ១០គីឡូក្រាម ផ្អក ៤គីឡូក្រាម ត្រីខកំប៉ុង ១កេសធំ មី ៣កេស ប្រេងឆា ២ប៊ីដុង សាប៊ូម្សៅ ៣គីឡូក្រាម សាប៊ូលាងចាន ១ប៊ីដុង កាហ្វេហ្គោរូស ២កញ្ចប់ធំ ទឹកដោះគោខាប់ ១កេស ទឹកក្រូច ៥កេសបាកាស់ ១កេស ទឹកក្រូចកូកាកូឡា ១កេស ទឹកអូឈិ ១កេស គោជល់ ១កេស កាហ្វេកំប៉ុង ១កេស ទឹកប្រទាលកន្ទុយក្រពើ ១យួរ  ទឹកបរិសុទ្ធ ២កេស ត្រីងៀត និងសាច់ក្រក ៣គីឡូក្រាម និងបច្ច័យចាំព្រះវស្សា ១លានរៀល ក្នុងមួយវត្ត ។ បច្ច័យប្រគេនព្រះសង្ឃមកទទួល ទៀនព្រះវស្សា ១អង្គៗ ២០ម៉ឺនរៀល និងបច្ច័យជូនអាចារ្យមួយចំនួនផងដែរ ៕

ដោយ ងូ សុមុនី