អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបចំពោះការចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជា​បានបដិសេធជំនួយអាម៉េរិក 

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩  — ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការងារជាតិ បានធ្វើការបំភ្លឺ និង​ឆ្លើយតបទៅនឹងការផ្សព្វផ្សាយចោទប្រកាន់ថា “ក្រសួងការពារជាតិកម្ពុជា បានបដិសេធ​ជំនួយ​អាម៉េរិក ដែលសុំជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកនាវារបស់មូលដ្ឋានកងទ័ពជើងទឹក កម្ពុជា” គឺជាដំណឹងមិនពិតទាល់តែសោះ ដោយហេតុថា ក្រសួងការពារជាតិពុំដែល​បានស្នើ​ទៅអាម៉េរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។ នេះបើយោងតាមបណ្ដាញទំនាក់​ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ។

ការលើកឡើងរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត នេះបានធ្វើឡើង ដើម្បី​ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌​មាន ជាតិនិងអន្តរជាតិមួយចំនួន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ​ចោទប្រកាន់មកលើក្រសួងការពារជាតិ​កម្ពុជា ដោយខុសឆ្គង កាលពីពេលថ្មីៗកន្លងមកនេះ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា អគារហ្វឹកហ្វឺន និងផ្ទុកសម្ភារ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យមូលដ្ឋានកងទ័ពជើងរាមទេ ប៉ុន្តែជាអគាររបស់គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ មានទីតាំងបណ្តោះ​អាសន្ន នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលនឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ក្នុងពេលឆាប់ៗខាង​មុខនេះ ហើយមិនទាន់មានភាពចាំបាច់ ក្នុងការជួសជុលនោះទេ។ ឯកឧត្ដម នាយឧត្ដម សេនីយ៍បានលើកឡើងថា ពាក់ព័ន្ធនឹងលិខិតរបស់ ឧបការីរង ក្រសួងការពារជាតិសហរដ្ឋ​អាមេរិក​នោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុង​ស្ថាន​ទូតអាម៉េរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការ​ទទួល​ជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏សូមស្នើដល់​សារព័ត៌មាន​ទាំងអស់ សូមកុំបន្តធ្វើការបកស្រាយចំពោះដំណឹងមិនពិត ដែលអាចនាំឱ្យមាន​ការ​ភាន់​ច្រឡំមកលើក្រសួងការពារជាតិកម្ពុជា៕

ដោយ អ៊ុន រិទ្ធី