អាជ្ញាធររាជធានីភ្នំពេញ ប្រកាសដាក់ឱ្យដំណើរការ APP ដើម្បីគ្រប់គ្រងប្រតិបត្តិការ និងតាមដានចលនាបម្លាស់ទីរថយន្តក្រុងសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ — ក្រោយពីបានដំណើរការសេវារថយន្តក្រុងសាធារណៈក្នុងឆ្នាំ២០១៤ រហូតមកដល់ ឆ្នាំ២០១៩នេះ សេវារថយន្ដក្រុងពិតជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយបានចូលរួមក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពិសេសបានចូលរួមមួយចំណែកលើការកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។      ដើម្បីឱ្យសេវាកម្មសាធារណៈមួយនេះ កាន់តែប្រសើរឡើងមួយកម្រិតថែមទៀត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថយន្តក្រុង APP សម្រាប់តាមដានចលនាបម្លាស់ទី រថយន្តក្រុង ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង  ក្នុងឱកាសនេះ ក៏បានអគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុនJICA ដែលបានផ្តល់ជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការ អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ ដែលហៅថាកាត់ គម្រោង PIBO ព្រមទាំងសម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។

ឯកឧត្ដមក៏បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋាករស្វយ័ត សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ (រ.ដ.ស) ទីចាត់ការរៀបចំក្រុង ដែលបាន ផ្តល់កិច្ចសហការយ៉ាងល្អ ដល់ក្រុមជំនាញការនៃគម្រោង PIBO ដើម្បីឱ្យការអនុវត្តគម្រោង នេះ ដំណើរការទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងPIBO ក្រុមអ្នក ជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបង្កើតនូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធតាមដានទីតាំង ចលនា បម្លាស់ទីរថយន្តក្រុង។ ប្រព័ន្ធទាំង ពីរនេះរំពឹងថានឹងរួមចំណែកធ្វើឱ្យប្រតិបត្តិការរថយន្តក្រុង កាន់តែមានប្រសិទ្ធភាព និងផ្តល់ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងផងដែរ។

ឯកឧត្ដមបានបន្តថា មុនពេលដែលប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការនេះ ត្រូវបានដាក់ ឱ្យដំណើរការ អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង មិនអាចដឹងថា រថយន្តក្រុងកំពុងស្ថិតនៅទីតាំងណាឡើយ ក្រោយពេលរថយន្តក្រុងនោះចាកចេញ ពីស្ថានីយ ចំណតដឹកអ្នកដំណើរណាមួយ ហើយនៅពេលខ្លះ នៅលើតម្រាយផ្លូវរត់ដូចគ្នា យើងសង្កេត ឃើញថា មានរថយន្តពីរគ្រឿង បានមកដល់ក្នុងពេលតែមួយ ដែលធ្វើឱ្យខាតជើងរថយន្តក្រុង ដែលត្រូវបញ្ចេញទៅទទួលអ្នកដំណើរតាមចំណតរថយន្តក្រុងដទៃទៀតផង ធ្វើឱ្យការផ្តល់សេ វាពុំទទួលបានប្រសិទ្ធភាពខ្ពស់។

ដោយមើលឃើញពីកង្វះខាតទាំងនេះ និងដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមជំនាញការនៃគម្រោង PIBO និងរដ្ឋាករស្វយ័តដឹកជញ្ជូនបានធ្វើការសិក្សា ស្រាវជ្រាវ រហូតឈានដល់ការបង្កើតប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធ APP តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុង និងផ្តល់នូវព័ត៌មាន អំពីទីតាំងជាក់ស្តែង របស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលទាំងអ្នកគ្រប់គ្រងប្រតិបត្តិការ អ្នកបើកបរ និងអ្នកប្រើប្រាស់សេវា។ នៅពេលដែលទទួលបានព័ត៌មានអំពីទីតាំងរថយន្តក្រុងរួចនោះ គឺអាចផ្តល់ដំណឹងបន្តទៅអ្នកបើកបរ ដើម្បីបញ្ជៀសកុំឱ្យរថយន្តក្រុងពីរ ឬច្រើនគ្រឿងមក ដល់ក្នុងពេលតែមួយ។ ចំពោះអ្នកប្រើប្រាស់សេវាវិញ គឺពួកគេអាចដឹងជាមុន អំពីពេលវេលា ដែលរថយន្តក្រុងនឹងមកដល់ ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំយូរនៅតាមចំណត រថយន្តក្រុងនោះឡើយ។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា សមិទ្ធផលគួរឱ្យគត់សម្គាល់មួយទៀត ដែលក្រុម ជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងសម្រេចបាន គឺការ បង្កើតទិន្នន័យទីតាំងរថយន្តក្រុង ត្រូវបានបង្កើតនិងរក្សាទុកជាទម្រង់ GTFS។ ទិន្នន័យនេះ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍកម្មវិធីនៅលើ App របស់ខ្លួន។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនឯកជន៣ កំពុងសហការជាមួយក្រុមជំនាញការJICA និងរដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវកម្ម វិធីតាមដានចលនាបម្លាស់ទីរថយន្តក្រុង។

លោក អ៊ាន សុឃីម  ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឱ្យ ដឹងថា  ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានី ភ្នំពេញ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងក្រុមជំនាញការ JICA បានដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន១៣ខ្សែ ប្រើប្រាស់រថយន្ត២៣៥គ្រឿង និងមានអ្នកជិះរថយន្តក្រុងពី២៦.០០០នាក់ទៅ៣០.០០០នាក់ ក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា រដ្ឋាករបានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រាស់កាត NFC របស់ធនាគារឯកទេសវីង និងអេស៊ីលីដា ទាន់ចិត្ត (QR-Code) របស់ធនាគារអេស៊ីលីដានៅលើរថយន្តក្រុងទាំងអស់ និងបានរៀបចំជម្រករង់ចាំថ្មី (Bus Shelter) ចំនួន១៧៧ទីតាំង លើចំណតរង់ចាំ (Bus Stop) ចំនួន ៩០៤ទីតាំង ដោយបំពាក់ ភ្លើងបំភ្លឺ និង WIFI នៅលើរថយន្តក្រុងផងដែរ៕

ដោយ សួស សំរិត