ស្ថាប័នបេតិកភណ្ឌអន្តរជាតិធំៗចំនួនបី លើកសរសើររាជរដ្ឋាភិបាលកម្ពុជា លើការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជាតិ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៩ — ស្ថាប័នបេតិកភណ្ឌពិភពលោកអន្តរជាតិធំៗចំនួនបី បានលើកសរសើររាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការរីកចម្រើន ក្នុងការអភិរក្ស និងគ្រប់គ្រង រមណីយដ្ឋានសំបូរព្រៃគុក និងលើកទឹក ចិត្ត​ឱ្យបន្តកិច្ចការនេះក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។ ការកោតសរសើនេះ ត្រូវបានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំលើកទី៤៣ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំ ឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ នៅទីក្រុងបាគូ ប្រទេស អាស៊ែបៃហ្សង់ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមាន ប្រសាសន៍ថា អង្គសន្និបាតទាំងមូល បានធ្វើការវាយតម្លៃទៅលើរបាយការណ៍ របស់ប្រទេស កម្ពុជាស្តីពីវឌ្បនភាពនៃការអភិរក្ស និងការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ដែលបានដាក់ បញ្ជូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លង មក។ លោកជំទាវបន្តថា ជាលទ្ធផលនៃការវាយតម្លៃ ស្ថាប័នកំពូលបីគឺ មជ្ឈមណ្ឌលបេតិ​ក ភណ្ឌពិភពលោក (World Heritage Center) ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ប្រាសាទ និង រមណីយដ្ឋាន ហៅកាត់ថា អាយកូម៉ូស (ICOMOS) និងមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការ សិក្សាលើការថែទាំ និងជួសជុលសម្បត្តិវប្បធម៌ ហៅកាត់ថា អាយក្រុម (ICCROM) តាមរយៈ សេចក្តីសម្រេចលេខ ៤៣ COM 7B.56 នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បានលើកសសើរ​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការរីកចម្រើន ក្នុងការអភិរក្ស និងគ្រប់គ្រង រមណីយដ្ឋាន សំបូរព្រៃគុក និងលើកទឹកចិត្តឱ្យបន្តកិច្ចការនេះ ក្នុងរយៈពេលយូរអង្វែងទៅមុខ។

សូមបញ្ជាក់ថា លទ្ធផលទាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល រួមជា មួយការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលជានិច្ចជាកាលតែងតែផ្តល់អាទិភាពខ្ពស់ ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ៕

ដោយ ម៉ៅ ចរិយា