អភិបាលខេត្តបន្ទាយមានជ័យ ជំរុញប្រជាពលរដ្ឋដាំដើមឈើឱ្យបានច្រើន ដើម្បី​លើកកម្ពស់បរិស្ថាន

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានធ្វើការអំពាវនាវដោយជំរុញ ឱ្យប្រជា​ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានត្រូវចូលរួមដាំដើមឈើឱ្យបានច្រើន នៅគ្រប់ទីកន្លែងដើម្បី លើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ដល់សង្គមជាតិយើងទាំងអស់គ្នា។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ​កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ថ្ងៃទី0៤​ ខែកក្កដា​ ឆ្នាំ២០១៩​នេះ ក្នុងបរិវេណផ្នែករដ្ឋបាលព្រៃឈើថ្មពួក ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ​ដោយដាំកូនឈើប្រណីតជាង១០០០ដើម និង៥០០០ដើមទៀតចែកជូន​ដល់ប្រជា ពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងទៀតថា បុណ្យ​រុក្ខទិវាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើ នៅកម្ពុជាដែលសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មាន​សារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបម្រែ បម្រួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

​ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីអង្គភាពនានាបន្ត​បំផុសចលនាមហាជនឱ្យចូលរួមដាំដើមឈើប្រណីត ឈើហូបផ្លែ ឈើផ្កា ឱ្យបានគ្រប់គ្នាយ៉ាងផុសផុលគ្រប់ទីកន្លែងដូចជា នៅតាមវត្តអារាម សាលារៀន សហគមន៍តាមដងផ្លូវលំនៅឋានទីសាធារណៈ​។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តបណ្តុះកូនឈើប្រណីតគ្រប់ប្រភេទឱ្យបានច្រើន សម្រាប់ត្រៀមទុកសម្រាប់ចែកជូន​ប្រជាពលរដ្ឋ ឬអង្គភាព ត្រូវដាំដើមឈើនៅតាមទីសាធារណៈ។ ចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការបំផ្លិចបំផ្លាញព្រៃឈើភ្លើងឆេះព្រៃ និងការកាប់រានព្រៃឈើ ដោយធានាការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព។

ជាមួយនោះត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋតាមរយៈកម្មវិធីដែលបង្ហាញពីសារៈ​សំខាន់ក្នុងការគ្រប់គ្រង និងការពារថែរក្សាធនធានព្រៃឈើប្រកបដោយនិរន្តរភាព។

​យើងគប្បីរួបរួមគ្នាខិតខំ ទប់ស្កាត់​ឱ្យបាននូវសកម្មភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជំរុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឱ្យបានរឹងមាំ ដើម្បីជាគុណ ប្រយោជន៍ដល់ ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើតាមរយៈការ អនុវត្តយ៉ាងម៉ឺងម៉ាត់​នូវច្បាប់ស្តីពីព្រៃឈើ៕

ដោយ ឈុន សារ៉ាត