ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន នាំយកទៀនព្រះវស្សា មានទេយ្យទាននិងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣០វត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងឱកាសចូលព្រះវស្សាដែលនឹងជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សាចំនួន ៦០ ដើម មានទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣០វត្ត នៅទូទាំងស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅវត្តត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងតែងតែប្រារព្ធធ្វើពិធីដង្ហែទៀនព្រះវស្សានេះជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្រ្តីរាជការសាលាខេត្ត អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការក្រុងកំពង់ឆ្នាំង  ដោយក្នុងនោះមានរៀបចំពិធីចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជូនដល់អភិបាលខេត្តមុនៗ ដែលធ្វើកាលកិរិយាទៅហើយនោះ មួយផ្នែកទៀតឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ។

ឯកឧត្តម បានកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានរូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលថ្មីៗជាច្រើនរហូតដល់បច្ចុប្បន្ននេះ ។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

ឯកឧត្តម ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្ត កំពង់ឆ្នាំងឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង    មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានធ្វើពិធីរាប់បាត្រ  ប្រគេនទៀនព្រះវស្សា ប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះសង្ឃ ផងដែរ៕

ដោយ បៃ ស៊ីថុន