ពិធីទទួល​អំណោយវត្ថុបុរាណខ្មែរចំនួន​៨៥នឹង​ប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​ -បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃទី​០៣ ខែ​កក្ក ដា ឆ្នាំ​២០១៩ បាន​ឱ្យ​ដឹងថា​ នៅថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំពិធីទទួល​អំណោយវត្ថុបុរាណខ្មែរចំនួន ​៨៥មុខ/បំណែក ពីលោកស្រី​បណ្ឌិត​ ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​រាជរដ្ឋាភិបាល និង​ប្រជា​ជនកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ​របស់ស្វាមីលោកស្រី​គឺលោក​បណ្ឌិត​ សាស្ត្រា​ចារ្យ​ ម៉ូរីហ្វូមី តាកាកុវ៉ា។

សេចក្តី​ជូន​ព័ត៌មាន​បាន​គូសបញ្ជាក់បន្ថែមទៀតថា វត្ថុបុរាណទាំងនេះ​ជា​បដិមា​ព្រហ្មញ្ញសាសនា​ ព្រះពុទ្ធសាសនា គ្រឿង​លម្អ ត្រាមានលម្អរូបសត្វធ្វើពីសំរឹទ្ធ បំណែកតុប​តែង​ ខ្សែកធ្វើពីមាស កុលាលភាជន៍ និង​អកកំបោរធ្វើពី​ស្ពាន់​ ដែលមាន​អាយុកាល​ក្នុង​សម័យ​បុរេប្រវត្តិ​សាស្ត្រ សម័យ​មុន​អង្គរ​ សម័យអង្គរ និង​សម័យក្រោយអង្គរ។ អំណោយ​វត្ថុ​បុរាណ​ទាំង​ ៨៥មុខនេះ ​ត្រូវបាន​នាំ​តាមរយៈលោក​ ម៉ាសាម៉ូតូ ហូស៊ីណូ និង​ភរិយា​ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩កន្លងទៅនេះ។​

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានសម្តែងការកោតសរសើរ និង​ថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅចំពោះលោកស្រី​បណ្ឌិត​ ហ្វូមីកូ តាកាកុវ៉ា ដែលមានចិត្តសប្បុរស​ប្រគល់​វត្ថុ​បុរាណទាំងនេះ​ជូនមករាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាវិញ និង​លោក ​ម៉ាសាម៉ូតូ ហូ​ស៊ី​ណូ​ និង​ភរិយា​ ដែលបាន​សម្របសម្រួល​ និង​ដឹកនាំវត្ថុបុរាណទាំងនេះមកជាមួយ។​

ជាមួយ​គ្នានេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍ថា​ គ្រប់​ពេល​វេលា ការប្រគល់​ត្រឡប់មកវិញនូវរតនវត្ថុរបស់​ជាតិ គឺជាការវិលមកវិញនូវព្រលឹង​របស់បុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តុង្គឧត្តម​របស់ជាតិ។​ ការស្ម័គ្រចិត្ត​ប្រគល់​នូវវត្ថុបុរាណមកកាន់ប្រទេសកំណើត​វិញបង្ហាញឱ្យឃើញ​ពីការលើក​តម្លៃ​សម្បត្តិវប្បធម៌នៃមនុស្សជាតិ​ និងការប្រសើរឡើងវិញនូវក្រមសីលធម៌នៃអ្នកធ្វើ​សមុច្ច័យ​​វត្ថុបុរាណ។​

ទន្ទឹមនឹងនេះ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកទឹកចិត្ត​ដល់​បុគ្គលឯកជន សារមន្ទីរ ​ក្រុមហ៊ុន​ ក៏ដូចស្ថាប័ននានា​លើ​សកលលោក​ដែល​កំពុងតាំងបង្ហាញ​ និង​រក្សាទុក​វត្ថុ​បុរាណរបស់កម្ពុជា ឱ្យ​សហការជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​តាមរយៈស្ថានទូតកម្ពុជា​នៅតាមប្រទេសនីមួយៗ​ ក្នុងការ​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុបុរាណ​ទាំងនោះ​មក​កម្ពុជាវិញ។​

ជាពិសេស​កម្ពុជា​ចាត់ទុកថា ​ទង្វើថ្លៃថ្លានេះ​មិនត្រឹមតែ​បង្ហាញពីការចូលរួម​លើក​តម្លៃវប្បធម៌ជាតិ​សាសន៍នីមួយៗ​ប៉ុណ្ណោះ​ទេ តែបាន​ចូលរួម​ចំណែកដ៏ឧត្តុង្គឧត្តម​ក្នុង​ការ​ផ្សះ​ផ្សា​ និង​ព្យាបាលរបួសផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​រងគ្រោះ​ពីសោកនាដកម្ម​ និង​ទារុណកម្ម​នៃ​អំពើប្រល័យពូជសាសន៍ ប៉ុល ពត៕

ដោយ​ ទេស ច័ន្ទសុធារី​