ឯកឧត្ដម ធុន គ្រី នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះផ្តល់ជូនប្រជាពល រដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣គ្រួសារ នៅស្រុកស្នួល

AKP ក្រចេះ ថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ២០១៩​ -ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ នៅភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងឱកាសជួបជាមួយគ្រួសារជនរងគ្រោះនាពេលនោះឯកឧត្តម ធុន គ្រី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ពិសេសក្នុងគ្រាដែលបងប្អូនជួបការលំបាក ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនាពេលនោះ គឺក្នុងមួយគ្រួសារៗទទួលបាន  អង្ករ ៥០គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង តង់១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សម្លៀកបំពាក់មួយចំនួន និងថវិកា១០ម៉ឺនរៀល ។ ដោយឡែក លោក គង់ គឹមនី អភិបាលស្រុកស្នួលក៏បានជួយឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារៗនូវទឹកប្រាក់ចំនួន ១០ម៉ឺនរៀល លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួល ៥ម៉ឺនរៀល និងអនុសាខាកាកបាទក្រហមស្រុកស្នួលចំនួនទឹកប្រាក់ ៥ម៉ឺនរៀល ផងដែរ៕

ដោយជួន សុជាតិ